អ៊ីស្រាអែលនិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានបើកការវាយប្រហារតាមច្រកអាកាសលើគោលដៅជាច្រើនរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា គឺជាការវាយប្រហារមួយដែលក្រុមអាជ្ញាធរសុខភាពប៉ាឡេស្ទីន និយាយថា បានសម្លាប់មនុស្សជិត ១០០នាក់ ។
ការកើនឡើងចំនួនប្រតិបត្តិការយោធា និងចំនួនគ្រោះថ្នាក់ បានកើតមានឡើង ស្របពេលមានការជំរុញថ្មីឲ្យឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ មុនពេលប្រធានាធិបតីជាប់សហរដ្ឋអាមេរិកលោក Donald Trump ឡើងកាន់តំណែងនៅក្នុងខែនេះ ក្នុងនោះអ្នកសម្របសម្រួលអ៊ីស្រាអែល ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Doha ដើម្បីចាប់ផ្តើមឡើងវិញកិច្ចពិភាក្សារៀបចំឡើងដោយក្រុមអ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប ។
ក្រសួងសុខាភិបាលហ្កាហ្សា និយាយថា មនុស្ស ២៧នាក់ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃសុក្រនេះ ក្រោយមនុស្ស ៧១នាក់ ត្រូវបានសម្លាប់កាលពីរយៈពេល ១ថ្ងៃមុន រួមទាំងនៅតំបន់ Al-Mawasi ដែលកាលពីមុនត្រូវបានប្រកាសថាជាតំបន់សុវត្ថិភាពមនុស្សធម៌ ស្ថិតនៅភាគកណ្តាលហ្កាហ្សា ។
យោធាអ៊ីស្រាអែល និយាយថា ពួកគេបានបើកការវាយប្រហារលើគោលដៅក្រុមហាម៉ាស់ ៤០កន្លែង ក៏ដូចជាទីបញ្ជាការ និងមជ្ឈមណ្ឌលគ្រប់គ្រង ។
ពួកគេបន្តថា ពួកគេបានចាត់វិធានការជាច្រើន ដើម្បីកាត់បន្ថយហានិភ័យធ្វើឲ្យប៉ះពាល់ដល់ជនស៊ីវិល រួមទាំងការប្រើប្រាស់គ្រាប់រំសេវតម្រង់គោលដៅច្បាស់លាស់ ការឃ្លាំមើលពីលើអាកាស និងប្រព័ន្ធចារកម្មជាច្រើនផ្សេងទៀត ៕