រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងបារាំង បាននិយាយថា ពួកគេចង់បង្កើតទំនាក់ទំនងថ្មីជាមួយប្រទេសស៊ីរី និងបានជំរុញឱ្យមានការផ្លាស់ប្តូរដោយសន្តិវិធី ខណៈរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបមេដឹកនាំ ថ្មីរបស់ប្រទេស លោក Ahmed al-Sharaa ក្នុងទីក្រុងដាម៉ាស កាលពីថ្ងៃសុក្រ ក្នុងនាមសហភាពអឺរ៉ុប។

លោកស្រី អានណាឡេណា ប៊ែអឺបក់(Annalena Baerbock) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ និងលោកហ្សង់ ណូអែល បារ៉ូ(Jean-Noel Barrot) រដ្ឋមន្ត្រីការបរទេសបារាំង គឺជារដ្ឋមន្ត្រីដំបូងគេរបស់សហភាពអឺរ៉ុប ដែលមកធ្វើទស្សនកិច្ចនៅប្រទេសស៊ីរី ចាប់តាំងពីក្រុមឧទ្ទាម បានដណ្តើមការគ្រប់គ្រងទីក្រុងដាម៉ាស កាលពីថ្ងៃទី៨ ខែធ្នូ និងបានបង្ខំឱ្យប្រធានាធិបតី លោក Bashar al-Assad ភៀសខ្លួនចេញបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលជាង១៣ឆ្នាំ ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីទាំងពីរ គឺចង់ផ្ញើសារសុទិដ្ឋិនិយមដ៏ប្រុងប្រយ័ត្នទៅកាន់ក្រុមឧទ្ទាមឥស្លាមនិយមដឹកនាំដោយក្រុម Hayat Tahrir al-Sham (HTS) របស់លោក Sharaa ដែលបង្ហាញពីការបើកចំហរក្នុងការទទួលស្គាល់អ្នកគ្រប់គ្រងថ្មី ខណៈក៏កំពុងជំរុញឱ្យមានការសម្របសម្រួល និងការគោរពសិទ្ធិជនជាតិភាគតិច ផងដែរ។
លោក Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានសរសេរនៅលើវេទិកាបណ្តាញផ្សព្វផ្សាយសង្គម X អំពីដំណើរទស្សនកិច្ចនេះថា «សាររបស់យើងទៅកាន់មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី គឺ ការគោរពគោលការណ៍ដែលបានព្រមព្រៀងជាមួយតួអង្គក្នុងតំបន់ និងការធានាបានការការពារជនស៊ីវិល និងជនជាតិភាគតិចទាំងអស់ ជារឿងសំខាន់បំផុត»។
ចាប់តាំងពីការបណ្តេញលោក Assad មក មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី បានព្យាយាមធានាជាថ្មីដល់បណ្តាប្រទេសអារ៉ាប់ និងសហគមន៍អន្តរជាតិ ថា ពួកគេនឹងគ្រប់គ្រងក្នុងនាមពលរដ្ឋស៊ីរីទាំងអស់ និងមិនឲ្យរីកសាយបដិវត្តន៍ជ្រុលនិយមឡើយ។