រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយបន្ទាប់ពីជំនួបលើកដំបូង ជាមួយមេដឹកនាំថ្មីរបស់ប្រទេសស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃសុក្រ ថា ក្រុមទាំងអស់នៅក្នុងប្រទេសស៊ីរីដែលហែកហួរដោយសង្រ្គាម រួមទាំងស្ត្រី និងជនជាតិឃឺដ ត្រូវតែមានកៅអីរបស់ពួកគេនៅឯតុ ប្រសិនបើប្រទេសនេះ ចង់បានការគាំទ្រពីសហភាពអឺរ៉ុប សម្រាប់ការផ្លាស់ប្តូររបស់ខ្លួន។

នៅក្នុងជំនួបមួយ ដែលបានចូលរួមផងដែរដោយសមភាគីបារាំង លោក ហ្សង់ ណូអែល បារ៉ូ(Jean-Noel Barrot) អ្នកការទូតជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា ប៊ែអឺបក់(Annalena Baerbock) បាននិយាយថា លោកស្រី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរួមបញ្ចូលក្រុមជនជាតិភាគតិចទាំងអស់ ខណៈធ្វើឱ្យប្រាកដថា មូលនិធិរបស់សហភាពអឺរ៉ុបដ៏មានសក្តានុពលណាមួយ នឹងមិនជំរុញ «រចនាសម្ព័ន្ធឥស្លាមនិយមថ្មី»។

លោកស្រី Baerbock បាននិយាយថា «អឺរ៉ុបនឹងគាំទ្រ ប៉ុន្តែអឺរ៉ុបនឹងពុំមែនជាអ្នកឧបត្ថម្ភ រចនាសម្ព័ន្ធអ៊ីស្លាមនិយមថ្មីនោះទេ»។
នៅពេលត្រូវបានសួរ ថាតើសហភាពអឺរ៉ុប អាចចាប់ផ្តើមដកទណ្ឌកម្មដែលបានដាក់លើរបបប្រទេសស៊ីរី ក្នុងពេលឆាប់ៗនេះដែរឬទេ បន្ទាប់ពីការសន្ទនារបស់លោកស្រីជាមួយ លោក al-Sharaa នោះ លោកស្រី Baerbock បានប្រកាន់ជំហរដ៏ប្រុងប្រយ័ត្នដោយនិយាយថា ចំណាត់ការបែបនេះ នឹងអាស្រ័យលើវឌ្ឍនភាពផ្នែកនយោបាយ ដែលកំពុងដំណើរការ នៅក្នុងប្រទេសនេះ។