អំឡុងថ្ងៃ ៧ មករា ជិតឈានចូលមកដល់នេះ មានភ្ញៀវអន្តរជាតិ និងភ្ញៀវជាតិជាច្រើនហូរហែរ បាននាំកូនចៅជំនាន់ក្រោយ ទៅទស្សនាសិក្សាស្វែងយល់ការសម្លាប់មនុស្សក្នុងសម័យ ប៉ុល ពត នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក។ ដើម្បីអប់រំកូនខ្មែរជំនាន់ក្រោយ, អ្នករស់រានមានជីវិតពីជាប់គុក សម័យ ប៉ុល ពត ក៏បានចងក្រងសៀវភៅ បង្ហាញពីប្រវត្តិការនៃការជាប់ឃុំ និងដឹងគុណថ្ងៃ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់គាត់ផងដែរ។
អតីតអ្នកជាប់គុកក្នុងរបប ប៉ុល ពត លោក ស៊ុម រិទ្ធី បានថ្លែងឱ្យ BTV ដឹងនៅថ្ងៃទី៤ ខែមករានេះថា នៅពេលនេះ លោកបានបោះពុម្ភសៀវភៅជាច្រើនក្បាល ដែលរៀបរាប់ពីប្រវត្តិរឿងរ៉ាវពិតរបស់លោកដែលបានរួចផុតពីការជាប់គុក ការធ្វើទុក្ខទារុណសព្វសារពើរយៈពេល២ឆ្នាំ និងត្រៀមយករូបលោកទៅសម្លាប់នៅខេត្តសៀមរាប។ លោកបន្តថា តាមរយៈសៀវភៅនេះលោកក៏ចង់អប់រំកូនខ្មែរជំនាន់ក្រោយៗ ឱ្យយល់អំពីមហាវិនាសកម្ម ដែលកើតចេញពីញុះញង់បំបះបំបោរបង្ករចេញជាសង្គ្រាម សម្លាប់គ្នាឯងឥតត្រាប្រណី និងគ្មានបានផលអ្វីសោះសម្រាប់ជាតិមាតុភូមិ។
ពលរដ្ឋដែលនាំកូនចៅទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ជើងឯកក៏បានឱ្យដឹងដែរថា ទីតាំងសា រមន្ទីរនេះជាទីតាំងមួយ ដែលមានភស្តុតាងពិតជាក់ស្តែង ក្នុងចំណោមទីតាំងធ្វើឃាដមនុស្សជាច្រើនកន្លែងទៀតរបស់ពួកប៉ុល ពត នៅទូទាំងប្រទេស។ ពលរដ្ឋទាំងនោះ បន្តថា គាត់នាំកូនចៅមកទស្សនា សារមន្ទីរនេះ គឺដើម្បីចង់ណែនាំកូនចៅជំនាន់ក្រោយឱ្យចងចាំនូវអំពើដ៏សាហាវនេះ និងរួមគ្នាថែរក្សាសន្តិភាពដែលរកបានដោយកម្រ និងកុំជឿតាមការញុះញង់ ដែលងាយនាំប្រទេសឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមជាថ្មី។
ពលរដ្ឋដែលធ្លាប់ឆ្លងកាត់ច្រើនសម័យកាល ពិសេសអ្នកដែលធ្លាប់ឆ្លងកាត់របបវាលពិឃាដបានចាត់ទុកអ្នកប្រឆាំងនឹងថ្ងៃរំដោះ ៧ មករា គឺជាបក្ខពួករបស់ ប៉ុល ពត និងផ្តែផ្តាំឲ្យកូនចៅជំនាន់ក្រោយដែរថា ឲ្យរួមគ្នាដឹងគុណថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃកំណើតទី២ របស់ជីដូនជីតា ឳពុកម្តាយនៃកូនចៅទាំងអស់គ្នានាពេលបច្ចុប្បន្ននេះ ហើយតាមរយៈថ្ងៃជ័យជំនះ ៧ មករានេះ ទើបធ្វើឲ្យកម្ពុជាមានការរីកចម្រើន និងសុខសន្តិភាពដូចសព្វថ្ងៃ៕ឈ្មោះ ស៊ុម សុខជា