អាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់ និង២៨នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃសុក្រ ទី៣ ខែមករា នៅពេលដែលរថយន្តក្រុងមួយគ្រឿងធ្វើដំណើរលើផ្លូវហាយវ៉េ នៅភាគនិរតីប្រទេសកូឡុំប៊ី បានរេចេញពីផ្លូវរត់ ហើយបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅមួយកន្លែង។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅជិតក្រុង Tangua មានចម្ងាយ៥៧០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Bogota ។
រថយន្តក្រុង បានចាកចេញពីទីក្រុង Cali ដោយដឹកជញ្ជូនអ្នកទេសចរមួយក្រុមទៅកាន់ក្រុង Las Lajas ក្បែរព្រំដែនជាមួយប្រទេសអេក្វាឌ័រ។

យោងតាមស្ថិតិរបស់ក្រសួងដឹកជញ្ជូនបានឱ្យដឹងថា មនុស្សប្រហែល៨.០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសកូឡុំប៊ី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។