រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានជូនដំណឹងដល់សភាអំពីសំណើលក់អាវុធចំនួន ៨ ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃសុក្រ (០៣ មករា) ដោយទីក្រុងវ៉ាស៊ីនតោន បន្តរក្សាការគាំទ្រសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន ដែលសង្រ្គាមកំពុងធ្វើសង្រ្គាមនៅតំបន់ហ្កាហ្សា និងបានសម្លាប់មនុស្សរាប់ម៉ឺននាក់។

កិច្ចព្រមព្រៀងនេះនឹងត្រូវការការយល់ព្រមពីសភាតំណាងរាស្រ្ត និងគណៈកម្មាធិការព្រឹទ្ធសភា ហើយសារព័ត៌មាន Axios បានរាយការណ៍ថាមានរួមបញ្ចូលនូវគ្រាប់រំសេវសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ក៏ដូចជាគ្រាប់កាំភ្លើងធំផងដែរ។

ក្រុមបាតុករបានតវ៉ាអស់រយៈពេលជាច្រើនខែមកហើយ ទាមទារឱ្យមានការដាក់ទណ្ឌកម្មអាវុធប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅតែមិនផ្លាស់ប្តូរ។ កាលពីខែសីហា សហរដ្ឋអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតក្នុងតម្លៃ ២០ ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល។

រដ្ឋបាលលោក Biden និយាយថា ខ្លួនកំពុងជួយសម្ព័ន្ធមិត្តការពារខ្លួនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ក្រុមហេសបូឡា នៅលីបង់ និងក្រុមហ៊ូទី នៅយេម៉ែន។ ប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិ ទីក្រុងវ៉ាស៊ីនតោន បានឈរនៅខាងអ៊ីស្រាអែល ក្នុងអំឡុងពេលវាយលុករបស់ខ្លួនលើតំបន់ហ្កាហ្សា ដែលបានជម្លៀសស្ទើរតែទាំងអស់នៃប្រជាជន ២,៣លាននាក់នៅហ្កាហ្សា បណ្តាលឱ្យមានវិបត្តិអត់ឃ្លាន និងនាំឱ្យមានការចោទប្រកាន់ប្រល័យពូជសាសន៍ ដែលអ៊ីស្រាអែលបដិសេធ៕