ទាហានជើងចាស់អាមេរិកម្នាក់ ដែលបានដោតទង់ក្រុមរដ្ឋអ៊ីស្លាម IS ពណ៌ខ្មៅនៅលើរថយន្តដឹកទំនិញ ហើយជិះបំបុកហ្វូងមនុស្សនៅទីក្រុង New Orleans របស់សហរដ្ឋអាមេរិក បានបង្ហាញថា ក្រុមជ្រុលនិយមមួយនេះនៅតែមានសមត្ថភាពក្នុងការបំផុសអំពើហិង្សា ទោះបីរងគ្រោះជាច្រើនឆ្នាំដោយសារការវាយប្រហារពីសម្ព័ន្ធយោធាដែលដឹកនាំដោយអាមេរិកក៏ដោយ។

នៅកម្រិតខ្ពស់នៃអំណាចរបស់ខ្លួនពីឆ្នាំ ២០១៤-២០១៧ សមាជិកក្រុមរដ្ឋអ៊ីស្លាមជាច្រើន បានសម្លាប់ និងធ្វើទារុណកម្មលើសហគមន៍នានាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយបានរីករាយនឹងសិទ្ធិផ្តាច់មុខរបស់ខ្លួននៅទូទាំងមជ្ឈិមបូព៌ា។

មេដឹកនាំក្រុម ឈ្មោះ Abu Bakr al-Baghdadi ដែលត្រូវបានសម្លាប់ក្នុងឆ្នាំ២០១៩ ដោយកងកម្លាំងពិសេសរបស់អាមេរិកនៅភាគពាយព្យស៊ីរី បានក្រោកឡើងដឹកនាំក្រុមជ្រុលនិយម ហើយប្រកាសខ្លួនឯងថា "ប្រមុខ" នៃប្រជាជនជនជាតិមូស្លីមទាំងអស់។ ចលនានោះបានដួលរលំនៅឆ្នាំ២០១៧ នៅអ៊ីរ៉ាក់ ជាទីដែលក្រុមរដ្ឋអ៊ិស្លាមធ្លាប់មានមូលដ្ឋានចម្ងាយត្រឹមតែ ៣០នាទីប៉ុណ្ណោះពីទីក្រុងបាកដាដ និងនៅស៊ីរី ក្នុងឆ្នាំ២០១៩ បន្ទាប់ពីយុទ្ធនាការយោធាដែលមាននិរន្តរភាពដោយក្រុមចម្រុះដឹកនាំដោយអាមេរិក។

កងកម្លាំងចម្រុះ រួមទាំងទាហានអាមេរិកប្រមាណ ៤.០០០នាក់នៅស៊ីរី និងអ៊ីរ៉ាក់ បានបន្តវាយកម្ទេចក្រុមសកម្មប្រយុទ្ធនេះដោយការវាយប្រហារតាមអាកាស និងការវាយឆ្មក់ ដែលយោធាអាមេរិកនិយាយថា បានឃើញអ្នកប្រយុទ្ធ និងមេដឹកនាំរាប់រយនាក់ត្រូវបានសម្លាប់ និងចាប់ខ្លួន។
យ៉ាងណាក៏ដោយ ក្រុមរដ្ឋឥស្លាម IS នៅតែអាចប្រតិបត្តិការសំខាន់ៗមួយចំនួន ខណៈកំពុងព្យាយាមកសាងខ្លួនឡើងវិញ ហើយនៅតែបន្តជំរុញឱ្យមានការវាយប្រហារដ៏ព្រៃផ្សៃ ដូចជាការវាយប្រហារនៅទីក្រុង New Orleans ដែលបានសម្លាប់មនុស្សជាច្រើននាក់នេះជាដើម៕