ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃសុក្រ (០៣ មករា) បានស្នើឱ្យតុលាការកំពូល បដិសេធសំណើរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ក្នុងការពន្យារពេលការអនុវត្តច្បាប់ដែលនឹងហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម TikTok ឬបង្ខំឱ្យលក់អេបនេះត្រឹមថ្ងៃទី១៩ ខែមករា។

កាលពីសប្តាហ៍មុន លោក Trump បានដាក់សំណើផ្លូវច្បាប់ ដោយលើកហេតុផលថា លោកគួរតែមានពេលវេលាគ្រប់គ្រាន់បន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ដើម្បីបន្ត "ដំណោះស្រាយនយោបាយ" ចំពោះបញ្ហានេះ។ តុលាការគ្រោងនឹងបើកសវនាការលើទឡ្ហីករណ៍ក្នុងសំណុំរឿងនេះនៅថ្ងៃទី១០ ខែមករា។
គួររម្លឹកថា ច្បាប់ហាមឃាត់ ដែលបានអនុម័តកាលពីខែមេសា តម្រូវឱ្យម្ចាស់ TikTok មានមូលដ្ឋាននៅចិន គឺក្រុមហ៊ុន ByteDance លក់ទ្រព្យសម្បត្តិនៅសហរដ្ឋអាមេរិករបស់វេទិកាសង្គមមួយនេះត្រឺមថ្ងៃ ១៩ មករា បើមិនដូច្នេះទេប្រឈមនឹងការហាមឃាត់។ ក្រសួងយុត្តិធម៌អាមេរិក បាននិយាយនៅក្នុងឯកសាររបស់ខ្លួនថា សំណើរបស់លោក Trump អាចអនុញ្ញាតបាន លុះត្រាតែ ByteDance បង្ហាញពីជំហរចូលរួមជាមួយច្បាប់ ប៉ុន្តែក្រុមហ៊ុននេះមិនបានធ្វើដូច្នេះឡើយ។
TikTok កាលពីថ្ងៃសុក្រ បានបន្តជំរុញឱ្យតុលាការកំពូលរារាំងច្បាប់នេះ ដោយហេតុផលនៃការបញ្ចេញមតិដោយសេរី ក្រោមវិសោធនកម្មទី១ នៃរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក៕