កងកម្លាំងសន្តិសុខមកពីប្រទេសហ្គាតេម៉ាឡា និងអែលសាល់វ៉ាឌ័រ បានទៅដល់រដ្ឋធានីរបស់ប្រទេសហៃទី កាលពីថ្ងៃសុក្រ (០៣ មករា) ដើម្បីពង្រឹងបេសកកម្មគាំទ្រដោយអង្គការសហប្រជាជាតិ ដែលបានពន្យារពេលជាយូរមកហើយ ដោយមានភារកិច្ចស្តារសន្តិសុខឡើងវិញ ស្របពេលមានជម្លោះដ៏បង្ហូរឈាមជាមួយក្រុមជនអន្ធពាលប្រដាប់អាវុធ។

មន្ត្រីទំនាក់ទំនងបេសកកម្មបាននិយាយថា ក្រុមដែលមកដល់ថ្មីនោះមានជនជាតិហ្គាតេម៉ាឡា ៧៥នាក់ និងសាល់វ៉ាឌ័រ ៨នាក់។ រដ្ឋាភិបាលបណ្តោះអាសន្នហៃទី បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ប្រធានក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាលហៃទី រួមជាមួយនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានស្វាគមន៍កងទ័ពថ្មីនោះនៅអាកាសយានដ្ឋានរដ្ឋធានីព័រអូប្រាំង។

បេសកកម្មសន្តិសុខត្រូវបានដឹកនាំដោយប្រទេសកេនយ៉ា ដែលបានដាក់ពង្រាយនគរបាលជិត ៤០០នាក់ កាលពីពាក់កណ្តាលឆ្នាំមុន ពោលគឺតិចជាង ១.០០០នាក់ដែលខ្លួនបានសន្យា។
ទោះជាយ៉ាងណាក៏ដោយ បេសកកម្មនេះបានបរាជ័យក្នុងការរារាំងក្រុមជនអន្ធពាលមិនឱ្យដណ្តើមយកទឹកដីថ្មី និងប្រព្រឹត្តការសម្លាប់រង្គាលជាច្រើន ខណៈអំពើហិង្សាបានកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំ២០២៤ ដែលបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕