ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសៅរ៍ (០៤ មករា) នេះថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៥.៨៦៤នាក់ រួមទាំងជនបរទេសចំនួន ១៨០នាក់ ក្រោមការលើកលែងទោសដើម្បីប្រារព្ធទិវាឯករាជ្យជាតិរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សហភាពមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបានបង្ក្រាបយ៉ាងហិង្សាលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។

របបសឹកបាននិយាយថា ខ្លួននឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ ប៉ុន្តែផែនការនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយក្រុមប្រឆាំងថាជារឿងអាម៉ាស់។ ក្នុងចំណោមអ្នកដែលនៅតែជាប់ក្នុងពន្ធនាគាររបស់របបសឹក គឺអតីតមេដឹកនាំប្រទេស លោកស្រី អ៊ុងសាន ស៊ូជី ដែលទទួលបានរង្វាន់ណូបែល។

អ្នកនយោបាយវ័យ ៧៩ឆ្នាំរូបនេះ កំពុងជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ដោយបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន ១៤ករណី រាប់ចាប់ពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត រហូតដល់អំពើពុករលួយ។ មេធាវីនិយាយថា លោកស្រីបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះ៕