មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយថា កិច្ចចរចាដោយប្រយោលថ្មីមួយស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា បានបន្តឡើងវិញក្នុងប្រទេសកាតា កាលពីថ្ងៃសុក្រ (០៣ មករា) ដោយបន្ថែមថា ក្រុមប៉ាឡេស្ទីនមួយនេះកំពុងស្វះស្វែងរកកិច្ចព្រមព្រៀងឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស លោក Basem Naim បាននិយាយថា ការពិភាក្សាជុំថ្មីនឹងផ្តោតលើបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សាស្ទ្រីប នេះបើតាមការ រាយការណ៍ពីសារព័ត៌មានរ៉យទ័រ។

ខណៈដែលការចរចារជាបន្តបន្ទាប់បាននិងកំពុងប្រព្រឹត្តទៅអស់រយៈពេលមួយឆ្នាំនៅក្នុងទីក្រុងដូហា បទឈប់បាញ់ជុំថ្មីរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នៅតែមិនទាន់សម្រេច។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអនុម័តគណៈប្រតិភូមួយក្រុម ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា បើទោះបីជាលោកបន្តបដិសេធជាសាធារណៈថាមិនបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍ក៏ដោយ។
ក្រុមហាម៉ាស និងអ៊ីស្រាអែល បានធ្វើការចរចាគ្នាកាលពីខែធ្នូ ដើម្បីឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ប៉ុន្តែខណៈពេលដែលរបាយការណ៍នៅពេលនោះហាក់ដូចជាបង្ហាញពីវឌ្ឍនភាពនៃកិច្ចព្រមព្រៀងមួយ ក្រុមប៉ាឡេស្ទីនបានចោទប្រកាន់អ្នកចរចារបស់អ៊ីស្រាអែល ថាបានដាក់ចេញនូវ "លក្ខខណ្ឌថ្មី" ដែលពន្យារពេលកិច្ចព្រមព្រៀង។
អ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយនិយាយថា ក្រុមហាម៉ាសទេដែលកំពុងបង្កើត "ឧបសគ្គថ្មី" ដល់បទឈប់បាញ់។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទទូចយូរមកហើយថា ក្រុមហាម៉ាស គឺជាឧបសគ្គចំពោះបទឈប់បាញ់ ប៉ុន្តែក្រុមអ្នកវិភាគនិយាយថា លោក Netanyahu បានបង្ហាញចំណាប់អារម្មណ៍តិចតួចប៉ុណ្ណោះក្នុងការសម្រេចកិច្ចព្រមព្រៀងមួយ៕