ជនជាតិម៉ុងតេណេហ្គ្រោ រាប់រយនាក់បានចេញតវ៉ានៅរដ្ឋធានី ប៉ូដហ្គោរីកា កាលពីថ្ងៃសុក្រ (០៣ មករា) ប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាកង្វះសកម្មភាពរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការបាញ់ប្រហារទ្រង់ទ្រាយធំដ៏កក្រើកប្រទេស ដែលខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស ១២នាក់ និងរបួសធ្ងន់ធ្ងរ ៤នាក់។

នៅក្នុងការសម្លាប់រង្គាលដ៏អាក្រក់បំផុតមួយរបស់ប្រទេសតំបន់បាល់កង់ ខ្មាន់កាំភ្លើងវ័យ ៤៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពបាញ់ប្រហារកាលពីរសៀលថ្ងៃពុធ បន្ទាប់ពីស្រវឹងស្រា នៅក្នុងទីក្រុងតូចឈ្មោះថា Cetinje ហើយបានរត់គេចពីនគរបាលអស់ពេលជាច្រើនម៉ោង។

អ្នកដែលជនល្មើសនោះបានបាញ់រួមមានប្អូនស្រីរបស់គេផងដែរ ហើយក្រោយមកជនដៃដល់បានយកកាំភ្លើងបាញ់ខ្លួនឯង រួចក៏ស្លាប់នៅព្រឹកថ្ងៃបន្ទាប់ ដោយសាររបួសធ្ងន់ធ្ងរ។ ការតវ៉ានេះបានកើតឡើងស្របពេលដែលកិច្ចប្រជុំកំពុងបន្តនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ម៉ុងតេណេហ្គ្រោ បានអនុម័តការគ្រប់គ្រងសព្វាវុធដ៏តឹងរ៉ឹងជាច្រើន។
ពលរដ្ឋម៉ុងតេណេហ្គ្រោជាច្រើននាក់មានការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាកំណែទម្រង់យឺតយ៉ាវនៃកម្លាំងនគរបាលដែលមិនមានបុគ្គលិក និងធនធានគ្រប់គ្រាន់ និងការប៉ះទង្គិចខាងការិយាធិបតេយ្យ និងនយោបាយនៅក្នុងរដ្ឋាភិបាល ដែលរួមចំណែកដល់អសន្តិសុខនេះ៕