មន្ត្រីអាមេរិកពីរនាក់បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បានជូនដំណឹងដល់សភាអំពីសំណើលក់សព្វាវុធក្នុងទំហំទឹកប្រាក់៨ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ដោយទីក្រុងវ៉ាស៊ីនតោនរក្សាការគាំទ្រសម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួនដែលសង្រ្គាមនៅហ្កាហ្សាបានសម្លាប់មនុស្សរាប់ម៉ឺននាក់។
យោងតាមប្រភពនានាបានឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងត្រូវការការយល់ព្រមពីសភានិងគណៈកម្មាធិការព្រឹទ្ធសភា ហើយរួមបញ្ចូលទាំងគ្រាប់បែកសម្រាប់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ព្រមទាំងគ្រាប់កាំភ្លើងធំផងដែរ។ កញ្ចប់នោះក៏រួមបញ្ចូលទាំងគ្រាប់បែកទំហំតូច និងក្បាលគ្រាប់ផងដែរ ។
ប្រភពមួយដែលបានដឹងពីកញ្ចប់លក់អាវុធទាំងនោះបាននិយាយថា លោក Biden បានបញ្ជាក់ច្បាស់ណាស់ថាអ៊ីស្រាអែលមានសិទ្ធិការពារពលរដ្ឋខ្លួនស្របតាមច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ហើយថាអាមេរិកនឹងបន្តផ្តល់សមត្ថភាពចាំបាច់សម្រាប់ការការពាររបស់អ៊ីស្រាអែល។
ប្រភពបាននិយាយថា ការដឹកជញ្ជូនគ្រាប់បែកមួយចំនួនអាចត្រូវបានធ្វើទៅបានតាមរយៈភាគហ៊ុនអាមេរិកបច្ចុប្បន្ន ខណៈភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំដើម្បីដឹកជញ្ជូនដល់ដៃអ៊ីស្រាអែល។
កញ្ចប់អាវុធទាំងនោះរួមមានមីស៊ីលបាញ់ពីអាកាសទៅអាកាស AIM-120C-8 ដើម្បីការពារប្រឆាំងយានដ្រូន និងការគំរាមកំហែងពីអាកាសផ្សេងទៀត គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ មីស៊ីល Hellfire AGM-114 និង កញ្ចប់ថវិកាទិញគ្រាប់បែក និងប្រព័ន្ធតាមដានអាវុធផ្សេងទៀត ចំនួន៦,៧៥ពាន់លានដុល្លារអាមេរិក ៕


