ភ្នំពេញ ៖ ក្រុមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (CAIC) បានបោះផ្សាយប័ណ្ណបំណុលមានការធានា មានទឹកប្រាក់ ១៥លានដុល្លារ សម្រាប់យកទៅកសាង និងអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
បណ្ណបំណុលមានការធានារបស់ក្រុមហ៊ុននេះ គឺត្រូវបានវិនិយោគដោយធនាគារ Prince និងត្រូវបានធានាដោយក្រុមហ៊ុន Oversea Cambodia investment Corporation LTD (OCIC) ដែលជាក្រុមហ៊ុនមេ នៃក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
កិច្ចព្រមព្រៀងនៃការបោះផ្សាយ និងទិញបណ្ណបំណុលមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧកញ្ញា Chales Van នាយកប្រតិបត្តិ ក្រុមហ៊ុន CIAC និងជានាយកប្រតិបត្តិក្រុមហ៊ុន OCIC និងលោក HONN Sorachna នាយកប្រតិបត្តិ នៃធនាគារPrince កាលពីថ្ងៃទី៣ ខែវិច្ឆិកា។
ការវិនិយោគការបោះផ្សាយបណ្ណបំណុលមានការធានា ក្នុងទំហំទឹកប្រាក់ ១៥លានដុល្លារអាមេរិចនេះ ផ្តល់អាត្រាការប្រាក់ប្រមាណ ៥.៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន (OCIC)។
សូមបញ្ជាក់ថា ប័ណ្ណបំណុលមានការធានា (Guaranteed Bond) គឺជាសញ្ញាប័ណ្ណដែលមានធានាទាំងការប្រាក់ និងប្រាក់ដើម ដោយភាគីទីបី ប្រសិនបើអ្នកបោះផ្សាយប័ណ្ណបំណុល ខកខានមិនបាន ដោយសារហេតុផលក្ស័យធន។ ប័ណ្ណបំណុលនេះ អាច អាចត្រូវធានាដោយក្រុមហ៊ុនធានារ៉ាប់រងមូលបត្របំណុល មូលនិធិ ឬអង្គភាពជាក្រុមហ៊ុនឯកជន អាជ្ញាធររដ្ឋាភិបាល ឬក្រុមហ៊ុនមេនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។
គិតត្រឹមខែវិច្ឆកា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល បច្ចុប្បន្នដំណើរការសាងសង់សម្រេចបាន ២៦ភាគរយ ដែលត្រូវនឹងទឹកប្រាក់សរុប ជាង ៣៤៦លានដុល្លារ ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួច។
បើតាមអ្នកឧកញ្ញា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC កន្លងមកធ្លាប់ថ្លែងប្រាប់ BTVថា បើមិនមានឧបសគ្គបង្កការរាំងស្ទះណានោះទេ អាកាសដ្ឋានអន្តរជាតិភ្នំពេញថ្មី លំដាប់ខ្នាត 4F ដែលកំពុងសាងសង់លើទំហំដីជាង២៥០០ហិចតា នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនេះ នឹងសាងសង់ហើយរួចរាល់នៅក្នុងឆ្នាំ២០២៣ ដោយត្រូវប្រើប្រាស់ទុនសាងសង់ ១ ៥០០លានដុល្លាអាមេរិច។
សូមបញ្ជាក់ថា ក្រុមហ៊ុនOCICក្រៅពីវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ក្រុមហ៊ុន OCIC ក៏មានការវិនិយោគលើវិស័យអចលនទ្រព្យ រួមមាន សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ សង្វាក់ផលិតកម្ម និងមានគម្រោងសំខាន់ៗទៀត ដូចជា គម្រោងទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងទំនើប Olympia ជាដើម ខណៈដែលធនាគារព្រីន ក៏ជាធនាគារដែលផ្តល់ដំណោះស្រាយហិរញ្ញវត្ថុ ដែលផ្តោតការរួមចំណែក ដល់ការអភិវឌ្ឍន៍ អាជីវកម្មរបស់សហគ្រាសខ្នាតតូច និងមធ្យម និងការបណ្តុះបណ្តាលបុគ្គលិកជំនាញ ជាដើមផងដែរ៕
អត្ថបទ ស៊ុម សុខជា