រុស្ស៊ីបានប្តេជ្ញាសងសឹកបន្ទាប់ពីបានអះអាងថាបានបាញ់ទម្លាក់មីស៊ីល អាតាខឹម (ATACMS) ផលិតដោយសហរដ្ឋអាមេរិកចំនួន ៨ គ្រាប់ ដែលបាញ់ដោយអ៊ុយក្រែនកាលពីព្រឹកថ្ងៃសៅរ៍។
ទីក្រុងមូស្គូ មើលឃើញថាការប្រើប្រាស់មីស៊ីលបែបនេះដែលមានរយៈចម្ងាយរហូតដល់ ៣០០គីឡូម៉ែត្រ ជាការកើនឡើងដ៏សំខាន់មួយ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះបានបាញ់ទម្លាក់មីស៊ីលផ្លោងបាលីស្ទិកចំនួន៨គ្រាប់ រួមជាមួយយានដ្រូន(UAVs) ចំនួន ៧២ គ្រឿង។ ប្រភពខាងលើបានបន្ថែមថាសកម្មភាពទាំងនេះដោយរបបក្រុង Kyiv ដែលត្រូវបានគាំទ្រដោយក្រុមអ្នកការពារបស្ចិមប្រទេស នឹងត្រូវបានឆ្លើយតបដោយការសងសឹក។
សេចក្តីថ្លែងការណ៍បាននិយាយថា យានដ្រូនជាច្រើនគ្រឿងត្រូវបានបំផ្លាញនៅក្នុងតំបន់ Leningrad ភាគពាយ័ព្យ និងមួយគ្រឿងនៅតំបន់ឃើស (Kursk) ជាទីដែលអ៊ុយក្រែន បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីចុងរដូវក្តៅមុន។
ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិលោក Joe Biden បានបើកភ្លើងខៀវឲ្យទីក្រុង Kyiv ប្រើមីស៊ីលអាតាខឹមកាលពីខែវិច្ឆិកាបាញ់ចូលជ្រៅក្នុងដីរុស្ស៊ី ដោយនិយាយថាមួយផ្នែកគឺជាការឆ្លើយតបទៅនឹងប្រទេសរុស្ស៊ីដែលពង្រីកជម្លោះដោយការដាក់ពង្រាយកងទ័ពកូរ៉េខាងជើង។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើមីស៊ីល អាតាខឹម ដោយប្រើមីស៊ីលផ្លោងបាលីស្ទីក ដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរប្រភេទ អូរ៉េស្នីក (Oreshnik) របស់រុស្ស៊ី៕


