ប្រធានតំបន់ផ្ដាច់ខ្លួន ទ្រែនស្នីទ្រីយ៉ា ( Transnistria) របស់ប្រទេសម៉ុលដាវី បានជំរុញឱ្យអ្នកស្រុកដុតអុសសម្រាប់កម្ដៅខ្លួន ហើយបានព្រមានថាការដាច់ភ្លើងមិនអាចជៀសវាងបានទេ បន្ទាប់ពីទីក្រុងមូស្គូបានបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នតាមរយៈអ៊ុយក្រែន។
លោក វ៉ាឌីម ក្រាស្នូសេលស្គី (Vadim Krasnoselskyi) ដែលជាមេដឹកនាំតំបន់ផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ីនៅលើផ្នែកខាងកើតនៃប្រទេសម៉ុលដាវី បាននិយាយនៅក្នុងសារមួយនៅលើបណ្ដាញ Telegram កាលពីថ្ងៃសុក្រថា អគារផ្ទះល្វែងច្រើនជាន់ចំនួន១.៥០០កន្លែងពុំមានម៉ាស៊ីនកម្ដៅនិងទឹកក្តៅទេ។ គ្រួសារឯកជនស្ទើរតែ៧២.០០០គ្រួសារ គ្មានឧស្ម័នប្រើប្រាស់។ឡចំហាយឧស្ម័ន១៥០ ត្រូវបានបិទ។
លោកបានបន្ថែមថា តែសំណាងល្អដែរដែលតំបន់របស់យើងសម្បូរអុស។ យើងនៅតែមានរបស់បម្រុង ដោយលើកទឹកចិត្តអ្នកស្រុកនៅតំបន់ជនបទ ដែលប្រើចង្ក្រានហ្គាស់ ស្វែងរក និងដុតអុសតាមដែលអាចធ្វើទៅបាន។
តំបន់នេះបានធ្លាក់ចូលទៅក្នុងវិបត្តិថាមពលចាប់តាំងពីថ្ងៃចូលឆ្នាំសកល នៅពេលអ៊ុយក្រែនបានធ្វើតាមការសន្យារបស់ខ្លួនក្នុងការបញ្ឈប់បញ្ជូនឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបតាមរយៈទឹកដីរបស់ខ្លួន បន្ទាប់ពីកិច្ចព្រមព្រៀងសំខាន់ជាមួយទីក្រុងមូស្គូបានផុតកំណត់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសាទរចំពោះចំណាត់ការនេះថាជាការបរាជ័យដ៏ធំបំផុតមួយរបស់ទីក្រុងមូស្គូ៕


