ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា ពិចារណាពន្យារពេលប្រឡងសញ្ញាបត្របាក់ឌុប ទៅដើមឆ្នាំ២០២២ ដើម្បីផ្ដល់ពេលវេលាបន្ថែមជូនសិស្ស ក្នុងការសិក្សា។ ការពិចារណាពន្យារពេលប្រឡងនេះ សិស្សថ្នាក់ទី ១២ មួយចំនួនបង្ហាញការគាំទ្រ ហើយក៏មានសិស្សខ្លះចង់ឲ្យរក្សាកាលបរិច្ឆេទថ្ងៃប្រឡងដដែល គឺនៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២១ដដែល ។
ពាក់ព័ន្ធការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យលើកពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ទៅដើមឆ្នាំ ២០២២ វិញ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង។
ក្នុងសប្តាហ៍នេះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នឹងប្រជុំវាយតម្លៃស្ថានការណ៍ពាក់ព័ន្ធ ដើម្បីបន្តរៀបចំការប្រឡងបាក់ឌុប និងជម្រាបដំណឹងជូនសាធារណជន។ ចំពោះការប្រឡងបាក់ឌុបថ្នាក់ជាតិ គឺក្រសួងនៅតែបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព។
សម្រាប់ការពិចារណាពន្យារពេលប្រឡងនេះ សិស្សថ្នាក់ទី ១២ សិក្សានៅវិទ្យាល័យ សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល មានការយល់ឃើញផ្សេងៗគ្នា។ ការយល់ឃើញរបស់ពួកគេ គឺមានទាំងការគាំទ្រ និងមានទាំង ការចង់ អោយរក្សាកាលបរិច្ឆេទចាស់នៅថ្ងៃទី ៦ ខែធ្នូឆ្នាំ ២០២១។
សិស្សថ្នាក់ទី១២មួយរូបបានលើកឡើងថា ខ្លួនចង់អោយរក្សាកាលបរិច្ឆេទប្រឡងចាស់ ថ្ងៃទី ៦ខែធ្នូឆ្នាំ ២០២១។ យុវតីលើកឡើងបែបនេះ ដោយយល់ឃើញថា បានត្រៀមខ្លួចរួចរាល់សម្រាប់ការប្រឡងហើយ។
យ៉ាងណាម៉ិញ សិស្សថ្នាក់ទី ១២ ពីររូបទៀត យល់ឃើញថា ការប្រឡងជារឿងចាំបាច់ តែពួកគេចង់អោយក្រសួងអប់រំ ពន្យារពេលប្រឡង ។ ការចង់អោយពន្យារពេលប្រឡងនេះ ក៏ដោយសារពួកគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែល្អប្រសើរសម្រាប់ការប្រឡង។
សូមបញ្ជាក់ថា ការបញ្ចេញទស្សនៈខុសៗគ្នា របស់សិស្សថ្នាក់១២នេះ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ ក្នុងឱកាសចុះពិនិត្យ ទស្សនកិច្ច និងសម្ពោធវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានថ្លែងថា ក្រសួងអប់រំ នឹងពិនិត្យមើលពន្យារពេលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ទៅដើមឆ្នាំ២០២២វិញ ដើម្បីអោយសិស្សអាចត្រៀមខ្លួនមានពេលគ្រប់គ្រាន់។ ហើយការប្រឡងទៀតសោធ ដើម្បីលើកទឹកចិត្តអោយសិស្សខំប្រឹងរៀន ហើយក្រសួងកំពុងតែពិភាក្សារៀបចំប្រឡងយ៉ាងណា ដោយសារសម្តេចនាយករដ្ឋមន្ត្រី បានសម្រេចថា ត្រូវប្រឡងអោយបានល្អផងដែរ៕
អត្ថបទ ៖ គឹមហុក