ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា ការធានាសន្តិសុខសម្រាប់ទីក្រុងគីវ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នឹងមានប្រសិទ្ធភាព លុះត្រាតែសហរដ្ឋអាមេរិក ជាអ្នកផ្តល់ឱ្យ ហើយលោកសង្ឃឹមថានឹងជួបជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកចូលកាន់តំណែង។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថាប័នផតខាសអាមេរិក Lex Fridman ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ (០៥ មករា) លោក Zelenskiy បាននិយាយថា ប្រជាជនអ៊ុយក្រែនកំពុងពឹងផ្អែកលើលោក Trump ដើម្បីបង្ខំទីក្រុងមូស្គូ បញ្ចប់សង្រ្គាម ហើយថា រុស្ស៊ីនឹងបង្កើនភាពតានតឹងនៅអឺរ៉ុប ប្រសិនបើក្រុងវ៉ាស៊ីនតោន ចេញពីសម្ព័ន្ធយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថា ណាតូ (NATO)។

ជិត ៣ឆ្នាំបន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែន ជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Trump ដែលវិលត្រឡប់ទៅសេតវិមានវិញនៅថ្ងៃទី២០ ខែមករា ខាងមុខនេះ បានជំរុញឱ្យមានក្តីសង្ឃឹមនៃដំណោះស្រាយការទូតដើម្បីបញ្ឈប់សង្រ្គាម ប៉ុន្តែក៏មានការភ័យខ្លាចនៅក្នុងទីក្រុងគីវថា សន្តិភាពឆាប់រហ័សអាចត្រូវបង់ខាតខ្ពស់។
លោក Zelenskiy បានប្រើបទសម្ភាសន៍រយៈពេល ៣ម៉ោងដែលផ្សព្វផ្សាយនៅលើបណ្ដាញ YouTube ដើម្បីអំពាវនាវឱ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូ ដោយសង្កត់ធ្ងន់លើជំនឿជាក់របស់លោកថា បទឈប់បាញ់ដោយពុំមានការធានាសន្តិសុខសម្រាប់ទីក្រុងគីវ នឹងគ្រាន់តែផ្តល់ពេលវេលាដល់រុស្ស៊ី ដើម្បីវាយប្រហារជាថ្មីប៉ុណ្ណោះ៕