ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌក្រសួងការពារជាតិ បានឲ្យដឹងថា នៅថ្ងៃទី ១៥ខែវិច្ឆិកានេះ ក្រុមគ្រូពេទ្យយោធា នឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ ជំរុញជូនប្រជាពលរដ្ឋខេត្តតាកែវ ដំបូងគេ ខណៈខេត្ត៧ផ្សេងទៀត នឹងទទួលបានការចាក់ជាបន្តបន្ទាប់។
ថ្លែងប្រាប់BTV តាមទូរស័ព្ទ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ១៩ បានឲ្យដឹងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលជុំវិញយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវដូសជំរុញ ឬដូសទី៣នេះ កងយោធពលខេមរភូមិន្ទ និងកងឯកភាពចំណុះទាំងអស់បានរៀបចំ និងត្រៀមរួចរាល់ ដើម្បីដំណើរការចាក់បន្តទៀតជូមប្រជាពលរដ្ឋតាមបណ្តាខេត្ត។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បន្តថា ចំពោះផែនការក្រោយពីបានប្រជុំជាមួយរដ្ឋបាលខេត្តទាំង៨ ដែលកងទ័ពបានចុះទៅចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងខេត្តចំនួន៨ រួមមាន ខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ កំពង់ចាម ស្វាយរៀង សៀមរាប និងបន្ទាយមានជ័យ គឺសម្រេចកំណត់ថ្ងៃទី១៥ ខែវិច្ឆិកានេះ នឹងចាប់ផ្តើមយុទ្ធនាការចាក់ដូសជំរុញជូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ខណៈខេត្តចំនួន៧ផ្សេងទៀត នឹងរៀបចំចាក់ជាបន្តបន្ទាប់ក្រោយពីបានចាក់ដូសទី២រយៈពេល៤ខែឡើងទៅ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា យោងតាមផែនការអំពីការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋតាមបណ្តាខេត្ត គឺក្រុមការងារមានសមត្ថភាព និងបទពិសោធនគ្រប់គ្រាន់ ដើម្បីបន្តចូលរួមអនុវត្តការចាក់ដូសជំរុញនេះឲ្យបានកាន់តែល្អប្រសើរ។ដោយឡែកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឲ្យដឹងទៀតថា មុនដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនូវដូសជំរុញតាមបណ្តាខេត្ត បច្ចុប្បន្ននេះកងទ័ពកំពុងបន្តការចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនៅឡើយទេ ដោយសារទីតាំងមួយចំនួនក្នុងចំណោមខណ្ឌទាំង៦ ដែលចាក់ដោយកងទ័ពនោះបន្តមានប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងជារៀងរាល់ថ្ងៃ។
គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ក្នុងចំណោមប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញសរុប ១,០២៦,១២៦នាក់ ដែលបានចាក់ដោយក្រុមគ្រូពេទ្យកងទ័ពដូសទី ១ និងដូសទី២ កន្លងមក មានប្រជាពលរដ្ឋដែលបានចាក់ដូសជំរុញចំនួន ៥៩២,៣១៩នាក់ ខណៈចំនួនប្រជាពលរដ្ឋតាមបណ្តាខេត្តដែលកងទ័ពនឹងត្រូវចាក់ជូននោះមានចំនួនជាង១លាន៤សែននាក់៕
អត្ថបទ ៖ សេក ឧត្តម