សារព័ត៌មាន The Globe and Mail បានរាយការណ៍កាលពីថ្ងៃអាទិត្យ (០៥ មករា) ដោយសម្អាងដល់ប្រភពចំនួនបីថា លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ត្រូវបានគេរំពឹងថានឹងប្រកាសលាលែងពីតំណែងជាប្រធានគណបក្សសេរីនិយម នៅព្រឹកថ្ងៃចន្ទ ០៦ មករា នេះ។

ប្រភពបានប្រាប់ Globe and Mail ថាពួកគេមិនដឹងច្បាស់ថានៅពេលណាពិតប្រាកដដែល Trudeau នឹងប្រកាសផែនការរបស់ខ្លួនក្នុងការចាកចេញទេ ប៉ុន្តែបញ្ជាក់ថា ពួកគេរំពឹងថានឹងកើតឡើងមុនពេលកិច្ចប្រជុំគណៈកម្មាធិការជាតិសំខាន់ៗនៅថ្ងៃពុធ (០៨ មករា) ខាងមុខនេះ។
សេចក្ដីរាយការណ៍លើកឡើងថា គេនៅតែមិនទាន់ច្បាស់ទេថាតើលោក Trudeau នឹងចាកចេញពីតំណែងភ្លាមៗ ឬបន្តធ្វើជានាយករដ្ឋមន្ត្រីរហូតដល់មេដឹកនាំថ្មីត្រូវបានជ្រើសរើសនោះឡើយ។ គួរបញ្ជាក់ថា លោក Trudeau បានឡើងកាន់តំណែងជាមេដឹកនាំសេរីនិយមនៅឆ្នាំ២០១៣ នៅពេលបក្សនេះជួបបញ្ហាខ្លាំង ហើយត្រូវបានកាត់បន្ថយមកត្រឹមចំណាត់ថ្នាក់លេខ៣ នៅក្នុងសភាជាលើកដំបូង។
ការចាកចេញរបស់លោក Trudeau នឹងធ្វើឱ្យបក្សពុំមានប្រមុខអចិន្ត្រៃយ៍ ខណៈការស្ទង់មតិបង្ហាញថា ក្រុមសេរីនិយមនឹងចាញ់យ៉ាងធ្ងន់ធ្ងរ ទល់នឹងក្រុមអភិរក្សនិយម នៅក្នុងការបោះឆ្នោតដែលត្រូវតែធ្វើឡើងនៅចុងខែតុលា ឆ្នាំ២០២៥ នេះ៕