អាជ្ញាធរទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ (០៦ មករា) នេះថា ខ្លួនបានស្នើឱ្យនគរបាល អនុវត្តដីកាចាប់ខ្លួនសម្រាប់លោកប្រធានាធិបតី Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង។

សំណើនេះកើតឡើងបន្ទាប់ពីការប៉ុនប៉ងបរាជ័យក្នុងការអនុវត្តដីកាចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន បន្ទាប់ពីការប្រឈមមុខដ៏តានតឹងជាមួយសន្តិសុខប្រធានាធិបតី ដែលបានបង្កើតខ្សែច្រង្វាក់មនុស្សដើម្បីរារាំងមិនឱ្យអ្នកស៊ើបអង្កេតចូលទៅក្នុងអគារ។

ក្រុមស៊ើបអង្កេតរួមគ្នាមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) និងនគរបាល កំពុងពិនិត្យមើលលើការចោទប្រកាន់ថាលោក Yoon ជាអ្នករៀបចំការបះបោរ ជាមួយនឹងការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។
ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ CIO និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា ខ្លួនបានផ្ញើសេចក្តីជូនដំណឹងមួយរួចហើយទៅនគរបាលដើម្បីស្នើឱ្យអនុវត្តដីកានោះ។ ជំហាននេះកើតឡើងស្របពេលមានការខកចិត្តចំពោះ CIO ក្នុងចំណោមអ្នករិះគន់របស់លោក Yoon ដោយសារខកខានមិនបានអនុវត្តដីកាចាប់ខ្លួនរហូតមកដល់ពេលនេះ ខណៈដីកានោះនឹងត្រូវផុតកំណត់នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទនេះ (១៥:០០ ម៉ោងសកល)៕