កំពង់ឆ្នាំង៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា គុណថ្ងៃ៧មករា ១៩៧៩ ជាអនុស្សាវរីយ៍ នៃការរស់ឡើងវិញរបស់ប្រជាជនកម្ពុជាទាំងអស់។ កម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍគ្រប់វិស័យទាំងអស់នៅក្នុងទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល ក៏ដោយសារគុណថ្ងៃ៧មករានេះផងដែរ។
ប្រជាពលរដ្ឋបានបន្តថា ពិតណាស់ ក្នុងពេលយើងទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានពុះពារគ្រប់ឧបសគ្គក្នុងការពារសន្តិភាពដែលបានមកដោយលំបាកផង និងខិតខំអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យផងដែរ។ នៅក្នុងទឹកដីខេត្តកកំពង់ឆ្នាំង ក៏មិនខុសពីក្រុង រាជធានី ខេត្តក្នុងផ្ទៃប្រទេសនោះទេ គឺសមិទ្ធផលនានាគ្រប់ទីកន្លែងបានរីកដុះដាលលឿនដូចផ្សិតទាំងនៅក្រុងកំពង់ឆ្នាំង និងនៅតាមបណ្តាស្រុកទាំង៧ ជាពិសេសក្រុងកំពង់ឆ្នាំង បានក្លាយជាក្រុងមួយដែលមានហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សួនច្បារ សាលារៀន ប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង ការតាំងលម្អរភ្លើងពណ៌តាមសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បានធ្វើអោយក្រុងកំពង់ឆ្នាំង មិនចាញ់ក្រុងភ្នំពេញឡើយ។ ប្រជាជនកម្ពុជាដែលបានឆ្លងកាត់របបវាលពិឃាត និងគុកឥតជញ្ជាំងពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានចាត់ទុកថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញរបស់ខ្លួន។ ប្រជាជនកម្ពុជា បានលើកឡើងថា ប្រសិនបើមិនមានថ្ងៃ៧មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍន៍រីកចម្រើន ហើយប្រជាជន ក៏មិនមានភាពសម្បូរសប្បាយ ដូចសព្វថ្ងៃនេះដែរ។
ដោយឡែកយុវជន បានប្តេជ្ញាខិតខំរក្សាអោយបាននូវសុខសន្តិភាពដែលមានសព្វថ្ងៃ មិនអោយរបូតទៅលើដៃពួកជនមួយក្តាប់តូចដែលចង់អោយមិនរីកចម្រើននោះឡើយ។ ពួកគេបាន ប្តេជ្ញារឹតចំណងសាមគ្គីភាពជាមួយខ្មែរទាំងអស់ ដើម្បីការអភិវឌ្ឍន៍ កសាងប្រទេសក្រោមការដឹកនាំដ៏វៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ កាំង ហុងវាស្នា
