ប្រជាជនម៉ុងតេណេហ្គ្រោ រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង សេទិនជេ (Cetinje) កាលពីថ្ងៃអាទិត្យ៥ខែមករា ដើម្បីរំឭកវិញ្ញណក្ខន្ធដល់ជនរងគ្រោះទាំង ១២ នាក់ក្នុងហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សរង្គាលកាលពីសប្តាហ៍មុន ដោយមនុស្សជាច្រើនបានចោទប្រកាន់នគរបាលថាពុំបានធ្វើគ្រប់គ្រាន់ដើម្បីបញ្ឈប់ការផ្ទុះអាវុធរបស់ខ្មាន់កាំភ្លើងនោះទេ។

ក្នុងឧក្រិដ្ឋកម្មមួយដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រទេសក្នុងតំបន់បាល់កង់ដ៏តូចមួយនោះ ខ្មាន់កាំភ្លើង ឈ្មោះ អាកូ ម៉ាទីណូវីក (Aco Martinovic) អាយុ៤៥ ឆ្នាំបានបន្តការបាញ់ប្រហារជាច្រើន ម៉ោងកាលពីថ្ងៃពុធ ១ មករា២០២៥ ។ ក្រោយមកជននេះ បានបាញ់សម្លាប់ខ្លួនឯង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ២ មករា ។

ប្រជាពលរដ្ឋបានអុជទៀនកាលពីថ្ងៃអាទិត្យនៅមុខព្រះវិហារមួយក្នុងទីក្រុង សេទិនជេ ជិតកន្លែងកើតហេតុ ហើយឈរក្នុងភាពស្ងៀមស្ងាត់រយៈពេល ១២ នាទីដើម្បីគោរពដល់ដួងវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះ។
ក្រុមអ្នកកាន់ទុក្ខ បាននិយាយថា យើងមកទីនេះដើម្បីទាមទារចម្លើយថាហេតុអ្វីបានជាមិនមានចំណាត់ការទាន់ពេលវេលា ហើយអ្នកណានឹងទទួលខុសត្រូវចំពោះរឿងនោះ ។
ជនជាតិម៉ុងតេណេហ្គ្រោជាច្រើនមានការខឹងសម្បារចំពោះអ្វីដែលពួកគេមើលឃើញថាជាកំណែទម្រង់យឺតនៃកម្លាំងនគរបាលដែលមិនមានបុគ្គលិក និងគ្មានធនធាន និងជម្លោះខាងការិយាធិបតេយ្យ និងនយោបាយនៅក្នុងរដ្ឋាភិបាល៕