ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងដែលព្យាយាមចាប់ខ្លួនប្រធានាធិបតីត្រូវបានព្យួរតួនាទីលោក Yoon Suk Yeol បានស្នើសុំការបន្ថែមពេលសម្រាប់ដីកាដែលផុតកំណត់នៅថ្ងៃចន្ទ៦ មករានេះ ស្របពេលមេដឹកនាំស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងកំពុងលាក់ខ្លួននៅក្នុងគេហដ្ឋានរបស់លោក។

អតីតរដ្ឋអាជ្ញារូបនេះ បានបដិសេធការសាកសួរចំនួនបីដង មុនពេលការប៉ុនប៉ងចាប់ខ្លួន ដែលបានបរាជ័យ បានមើលឃើញឆ្មាំការពាររាប់រយនាក់រារាំងក្រុមអ្នកស៊ើបអង្កេតដែលកំពុងព្យាយាមឃុំខ្លួនលោកដោយសារក្រឹត្យច្បាប់អាជ្ញាសឹកកាលពីខែមុន។

ក្រុមអ្នកស៊ើបអង្កេតមកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេនឹងស្នើសុំការបន្ថែមពេលវេលាសម្រាប់ដីកាចាប់ខ្លួន ដែលនឹងត្រូវផុតកំណត់នៅយប់ជ្រៅថ្ងៃចន្ទនេះ។
លោក Lee Jae-seung អនុប្រធាន CIO បាននិយាយនៅក្នុងបទសម្ភាសន៍ខ្លីមួយទៅកាន់អ្នកសារព័ត៌មានថា សុពលភាពនៃដីកានេះ ត្រូវផុតកំណត់នៅថ្ងៃនេះ។ យើងមានគម្រោងស្នើសុំការពន្យារពេលពីតុលាការនៅថ្ងៃនេះ ។
លោកបានបន្ថែមថា ពួកគេបានស្នើសុំជំនួយពីនគរបាលក្នុងការឃុំខ្លួនលោក Yoon ដោយសារតែការលំបាកដែលក្រុមស៊ើបអង្កេតបានជួបប្រទះ ហើយនឹងពិភាក្សាអំពីពេលវេលានៃការបន្តដីកានេះ។ នគរបាលពុំទាន់ទទួលយកសំណើនេះទេ៕