ក្រុមអ្នកសង្កេតការណ៍ជឿថា ការរត់ប្រណាំងសព្វាវុធនៅអាស៊ី-ប៉ាស៊ីហ្វិក នឹងកាន់តែក្តៅគគុកក្នុងឆ្នាំនេះ ដោយមានរដ្ឋាភិបាលមួយចំនួនក្នុងតំបន់ រួមទាំងសម្ព័ន្ធមិត្តសន្ធិសញ្ញាអាមេរិក ជប៉ុន និងហ្វីលីពីន គ្រោងនឹងបង្កើនកញ្ចប់ថវិកាការពារជាតិរបស់ខ្លួន។

លោក នី លីសុង (Ni Lexiong) អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយថា លោក Trump បានទាមទារម្តងហើយម្តងទៀតឱ្យសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិកបង្កើនការចំណាយយោធាដើម្បីទប់ទល់រុស្ស៊ីនិងចិន។
ក្រុមនេះបានបន្ថែមថា គោលបំណងគឺដើម្បីទប់ទល់ប្រទេសចិន និងការពារភាពមិនច្បាស់លាស់ជុំវិញវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលនឹងចូលមកដល់នៅថ្ងៃទី២០មករាខាងមុខនេះ។

កញ្ចប់ថវិកាឆ្នាំ ២០២៥ របស់រដ្ឋាភិបាលជប៉ុនដែលត្រូវបានអនុម័តកាលពីថ្ងៃសុក្រសប្តាហ៍មុនរួមមានការចំណាយលើវិស័យការពារជាតិចំនួន ៨,៧ សែនកោដិយ៉េន ស្មើ៥៥ ពាន់លានដុល្លារ បើទោះបីជាថ្មីៗនេះមានសញ្ញាល្អក្នុងទំនាក់ទំនងជាមួយប្រទេសចិន ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Shigeru Ishiba ក៏ដោយ។
នេះគឺជាការកើនឡើងប្រចាំឆ្នាំលើកទី ១៣ជាប់ៗគ្នានៃថវិកាការពារជាតិ ខណៈជប៉ុនព្យាយាមដោះស្រាយការព្រួយបារម្ភអំពីការកើនឡើងឥទ្ធិពលរបស់ចិន និងទំនាក់ទំនងយោធារបស់កូរ៉េខាងជើងជាមួយរុស្ស៊ី នេះបើយោងតាមក្រុមអ្នកវិភាគ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរបានរាយការណ៍ថា កាលពីថ្ងៃចន្ទសប្ដាហ៍មុន ប្រធានាធិបតីហ្វីលីពីនលោកFerdinand Marcos Jnr បានចុះហត្ថលេខាលើកញ្ចប់ថវិកាឆ្នាំ២០២៥ របស់ប្រទេសនេះទៅជាច្បាប់ ដោយការចំណាយលើវិស័យការពារជាតិរំពឹងថានឹងកើនឡើងខ្ពស់បំផុតរហូតដល់ ៣១៥,១ ពាន់លានប៉េសូ ស្មើ៥,៤ពាន់លានដុល្លារ។នេះគឺច្រើនជាង៣០%ខ្ពស់ជាងថវិកាយោធាឆ្នាំ២០២៤៕