មន្ត្រីអង្គការសហប្រជាជាតិ ដែលស្ថិតនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដើម្បីផ្តល់ការគាំទ្រដល់ប្រជាជនដែលត្រូវការជំនួយ បានជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ឈានដល់បទឈប់បាញ់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នាយកផ្នែកសុខភាពរបស់ទីភ្នាក់ងារ UNRWA ជាទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន លោក Seita Akihiro បាននិយាយទៅកាន់សារព័ត៌មាន NHK តាមអ៊ីនធឺណិត កាលពីថ្ងៃអាទិត្យ ថា រដូវរងាត្រជាក់ខ្លាំងបានចូលមកដល់តំបន់ហ្កាហ្សា ក្នុងពេលមានស្ថានភាពរស់នៅកាន់តែអាក្រក់ និងកង្វះអាហារធ្ងន់ធ្ងរ។ លោក បានសង្កត់ធ្ងន់ថា បទឈប់បាញ់គឺជា«ក្តីសង្ឃឹមតែមួយ»សម្រាប់ប្រជាជនក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។

លោក Seita បានអំពាវនាវឱ្យអ៊ីស្រាអែល កុំឱ្យអនុវត្តច្បាប់ដែលនឹងហាមឃាត់ទីភ្នាក់ងារ UNRWA ពីប្រតិបត្តិការនៅក្នុងដែនដីនេះ ដែលអ៊ីស្រាអែល គ្រោងនឹងអនុវត្តវានៅចុងខែមករា។ មន្ត្រីរូបនេះ និយាយថា ទីភ្នាក់ងារ UNRWA គឺជាអង្គការតែមួយគត់ដែលចែកចាយជំនួយ ផ្តល់ឱសថ និងស្បៀងអាហារសម្រាប់ប្រជាជននៅតំបន់ហ្កាហ្សា។ លោកបានបញ្ជាក់ថា ការផ្តល់ជំនួយមនុស្សធម៌ មិនត្រូវបានបញ្ឈប់ឡើយ។
សភារបស់ប្រទេសអ៊ីស្រាអែល បានអនុម័តច្បាប់កាលពីខែតុលាឆ្នាំកន្លងទៅ។ ប្រទេសនេះបានចោទប្រកាន់ថាបុគ្គលិកទីភ្នាក់ងារ UNRWA មួយចំនួនថា បានចូលរួមក្នុងការវាយប្រហារឆ្លងព្រំដែនរួមជាមួយក្រុមហាម៉ាស កាលពីខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តកិច្ចពិភាក្សាក្នុងប្រទេសកាតាកាលពីថ្ងៃសុក្រសប្តាហ៍មុន សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ ដែលត្រូវបានឃុំខ្លួននៅហ្កាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល រាយការណ៍ថា ប្រមុខនៃអង្គភាពសេវាស៊ើបការណ៍សម្ងាត់របស់ប្រទេស ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសកាតា នៅព្រឹកថ្ងៃចន្ទ នេះ។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ចាប់តាំងពីការចាប់ផ្តើមជម្លោះ បានកើនឡើងដល់៤៥.៨០៥នាក់។