ក្រុមអ្នកស្ម័គ្រចិត្ត និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារតាមអាកាស ដែលបានដាក់គោលដៅទៅលើតំបន់មួយនៅភាគខាងត្បូងរដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់។

ក្រុមសង្គ្រោះបន្ទាន់នៅភាគខាងត្បូងទីក្រុង Khartoum ជាក្រុមអ្នកស្ម័គ្រចិត្តក្នុងតំបន់ បាននិយាយថា មនុស្ស១០នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារតាមអាកាស បានដាក់គោលដៅទៅលើស្ថានីយ៍ Al-Sahrij ក្នុងសង្កាត់ Mayo ភាគខាងត្បូងទីក្រុង Khartoum។
ក្រុមនេះបាននិយាយថា ស្ថានីយ៍ Al-Sahrij ត្រូវបានទម្លាក់គ្រាប់បែកចំនួនបីលើកក្នុងរយៈពេលមួយខែ ដោយបានបញ្ជាក់ថា តំបន់នេះជាធម្មតាមានជនស៊ីវិលនិងមនុស្សច្រើន ខណៈវាមានផ្សារ និងហាងលក់អាហារ ជាច្រើន។

ប្រទេសស៊ូដង់ ត្រូវបានញាំញីដោយជម្លោះស៊ីវិលដ៏បង្ហូរឈាមចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ ២០២៣ ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់២៩.៦៨៣នាក់ និងមនុស្សជាង១៤លាននាក់ បានភៀសខ្លួនចេញ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយរបស់អង្គការអន្តរជាតិ។