រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសទួរគី កំពុងជំរុញយ៉ាងសកម្ម ដល់សហគមន៍អន្តរជាតិឱ្យគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារប្រទេសស៊ីរីឡើងវិញ។

ថ្លែងនៅក្នុងកិច្ចប្រជុំមួយ លោក Fidan បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រទេសទួរគី ដើម្បីដកទណ្ឌកម្មលើប្រទេសស៊ីរី និងជួយប្រទេសនេះកសាងហេដ្ឋារចនាសម្ព័ន្ធ ឡើងវិញ។
លោកបាននិយាយថា «នៅពេលដែលប្រទេសស៊ីរី មានធនធាន សុវត្ថិភាពជាងមុន និងមានស្ថេរភាព ប្រទេសទួរគី និងតំបន់ទាំងមូល នឹងទទួលបានអត្ថប្រយោជន៍ផងដែរ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសទួរគី ស្វែងរកសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងនៅប្រទេសជិតខាង ដោយគោលនយោបាយការបរទេស និងការខិតខំប្រឹងប្រែង ផ្តោតលើគោលដៅ នេះ។
លោក Fidan ក៏បានអំពាវនាវឱ្យដកចេញនូវទណ្ឌកម្មលើប្រទេសស៊ីរី រួមទាំងការរឹតបន្តឹងពាណិជ្ជកម្ម និងការបង្កកទ្រព្យសកម្ម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចរបស់ប្រទេសដែលហែកហួរដោយសង្រ្គាម ដោយលោកបាននិយាយថា នឹងជំរុញឱ្យជនភៀសខ្លួនស៊ីរីរាប់លាននាក់ ត្រឡប់ទៅលំនៅឋានវិញ។
ដោយមានខ្សែបន្ទាត់ព្រំដែនប្រវែង៩០០គីឡូម៉ែត្រជាមួយប្រទេសស៊ីរី ប្រទេសទួរគី បច្ចុប្បន្នផ្តល់ទីជម្រកដល់ជនភៀសខ្លួនស៊ីរីជិត ៣ លាននាក់។
យោងតាមទិន្នន័យចុងក្រោយរបស់ប្រទេសទួរគី បានឲ្យដឹងថា ចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ប្រជាជនស៊ីរីជិត៤០.០០០នាក់ បានត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ពីប្រទេសទួរគី ។