បាល់ទាត់៖ បុរសដែលគេស្គាល់ថា ជាវីរបុរសបាល់ទាត់របស់សាធារណរដ្ឋអៀកឡង់ Damien Duff ត្រូវបានតែងតាំងគ្រូបង្វឹកនៃក្លិបបាល់ទាត់ Shlebourne FC នៅក្របខណ្ឌលីគរបស់អៀកឡង់។ អតីតកីឡាកររបស់ Chelsea និង Blackburn Rovers រូបនេះបានផ្លាស់មកដឹកនាំក្រោយក្រុមនៅទីក្រុង Dublin មួយនេះឡើងមកកាន់ក្របខណ្ឌកំពូល។

នេះជាអាជីពជាគ្រូបង្គោលលើកដំបូងសំរាប់ Damien Duff ដែលពីមុនធ្លាប់តែជាជំនួយការគ្រូបង្វឹកនៅក្លិបស្កុតឡេន Glasgow Celtic។ មុនទទួលបានតំណែងនេះ Damien Duff ក៏ធ្លាប់ដឹកនាំក្រុមយុវជនអាយុក្រោម ១៧ឆ្នាំរបស់ Shelbourne FC ដែរ។ រំលឹកថា Damien Duff ធ្លាប់មានអាជីពជាកីឡាករនៅ Blackburn Rovers ដំបូងគេមុនពេលផ្លាស់មកកាន់តោខៀវ Chelsea នៅឆ្នាំ២០០៣ និងចាកចេញទៅកាន់ Newcastle United នៅឆ្នាំ២០០៦ រួចបន្តទៅ Fulham នៅឆ្នាំ២០០៩។ ក្រោយមក Duff ក៏បានចាកចេញឆ្ងាយមកដល់ក្លិបអូស្ត្រាលី Melbourne City FC មុននឹងមកបញ្ចប់អាជីពកីឡាករនៅក្លិបក្នុងស្រុក Shamrock Rovers។ Damien Duff ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជំរើសជាតិអៀកឡង់ ១០០ប្រកួតរកបាន ៨គ្រាប់ជួយក្រុមបង្ហាញខ្លួននៅ World Cup ២០០២ នៅកូរ៉េ-ជប៉ុន៕
អត្ថបទ៖នាង សុភាវុធ