អាជ្ញាធរបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកឆ្មាំល្បាតឆ្នេររបស់ប្រទេសឥណ្ឌាចំនួនបីនាក់បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រដែលពួកគេជិះ បានធ្លាក់នៅក្នុងទីក្រុងកំពង់ផែ Porbandar ភាគខាងលិចប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៥ ខែមករា។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ឧទ្ធម្ភាគចក្ររបស់ឆ្មាំល្បាតឆ្នេរ ដែលមានអាកាសយានិកពីរនាក់ និងមន្ត្រីម្នាក់នៅលើនោះ បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺនតាមទម្លាប់។

បុគ្គលិកនៅលើឧទ្ធម្ភាគចក្រ ត្រូវបានគេបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលពួកគេបានស្លាប់ដោយសារតែរងរបួសធ្ងន់។
ការស៊ើបអង្កេត កំពុងដំណើរការដើម្បីកំណត់ពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ។
នគរបាលនិយាយថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ជាកម្មសិទ្ធិរបស់ឆ្មាំល្បាតឆ្នេររបស់ប្រទេសឥណ្ឌាបានធ្លាក់នៅក្នុងរដ្ឋ Gujarat ភាគខាងលិច។
ក្រុមមន្ត្រី បាននិយាយថា ឧទ្ធម្ភាគចក្របានជួបប្រទះបញ្ហាបច្ចេកទេស ដែលបានបណ្តាលឱ្យធ្លាក់។
បណ្តាញទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីផ្សែងខ្មៅក្រាស់ហុយចេញពីឧទ្ធម្ភាគចក្រធ្លាក់ នៅឯអាកាសយានដ្ឋាន។