រដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃចន្ទ (០៦ មករា) នេះថា ខ្លួននឹងបន្តការបិទអាកាសយានដ្ឋានអន្តរជាតិ Muan មួយសប្តាហ៍ ដល់ថ្ងៃទី១៤ ខែមករា ដោយលើកឡើងពីការស៊ើបអង្កេតកំពុងបន្ត លើការធ្លាក់យន្តហោះ Jeju Air ដែលបានសម្លាប់មនុស្ស ១៧៩នាក់ នៅលើយន្តហោះ។

ព្រលានយន្តហោះនោះដើមឡើយត្រូវបើកវិញនៅថ្ងៃអង្គារ ០៧ មករា ស្អែកនេះ បន្ទាប់ពីមានឧបទ្ទវហេតុកាពីថ្ងៃទី២៩ ខែធ្នូ។ ក្រុមស៊ើបអង្កេតកំពុងពន្លឿនការងារទៅលើសោកនាដកម្មផ្លូវអាកាសដ៏អាក្រក់បំផុតរបស់កូរ៉េខាងត្បូង ហើយអ្នកស៊ើបអង្កេតជនជាតិកូរ៉េ ២នាក់នៅថ្ងៃចន្ទនេះ គ្រោងនឹងចាកចេញទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងឧបករណ៍ថតទិន្នន័យហោះហើរ សម្រាប់ការវិភាគជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិក។

ឧបករណ៍ថតទិន្នន័យហោះហើរ រួមជាមួយនឹងឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្ដហោះ គឺជាប្រអប់ខ្មៅពីរ ដែលមានព័ត៌មានសំខាន់ៗអំពីការធ្លាក់យន្តហោះ។ ក្រុមអ្នកស៊ើបអង្កេតកាលពីថ្ងៃសៅរ៍ បានចងក្រងឯកសារពេញលេញពីឧបករណ៍ថតសំឡេងរបស់កាប៊ីនយន្ដហោះដែលបានរកឃើញពីបំណែកនៃយន្តហោះ Jeju Air ប្រភេទ Boeing 737-800។ គេមិនច្បាស់ទេថាតើអាជ្ញាធរនឹងបង្ហាញទិន្នន័យនោះ ឬយ៉ាងណា។
ក្រុមស៊ើបអង្កេត បានរកឃើញម៉ាស៊ីនទិន្ន័យពីររបស់យន្តហោះកាលពីចុងសប្តាហ៍ ខណៈអ្នកតំណាងមកពីក្រុមហ៊ុនផលិតម៉ាស៊ីន GE បានចូលរួមក្នុងការស៊ើបអង្កេតនេះ។ ក្រសួងដឹកជញ្ជូនបានបន្តដល់ថ្ងៃទី១០ ខែមករា នៃការត្រួតពិនិត្យរបស់ខ្លួនលើយន្តហោះ Boeing 737-800 ទាំងអស់ដែលដំណើរការដោយ Jeju Air និងក្រុមហ៊ុនអាកាសចរណ៍ ៥ផ្សេងទៀតនៅក្នុងប្រទេស រួមទាំងកំណត់ត្រាថែទាំរបស់យន្តហោះទាំងអស់ ដើម្បីទប់ស្កាត់សោកនាដកម្មបែបនេះមិនឱ្យកើតឡើងទៀត៕