អ៊ីស្រាអែល បានព្រមានកាលពីថ្ងៃអាទិត្យ (០៥ មករា) ថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហេសបូឡា នៅលីបង់ អាចដួលរលំ ប្រសិនបើក្រុមដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះមិនដកកងកម្លាំងខ្លួនចេញពីទន្លេ Litani នៅភាគខាងត្បូងលីបង់ ដែលជាលក្ខខណ្ឌសំខាន់មួយនៃបទឈប់បាញ់។

ទាំងអ៊ីស្រាអែល និងក្រុមហេសបូឡា បានចោទប្រកាន់គ្នាម្តងហើយម្តងទៀតថារំលោភលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ទោះបីជាផ្នែកភាគច្រើននៃបទឈប់បាញ់នេះបាននិងកំពុងដំណើរការក៏ដោយ។

ភាគីជម្លោះទាំងពីរបានព្រមព្រៀងគ្នាបញ្ឈប់អរិភាពយ៉ាងហោចណាស់ ៦០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំមុនមក។ នៅពេលនេះ យុទ្ធជនហេសបូឡា ត្រូវបានគេរំពឹងថានឹងដកថយចម្ងាយ ៤០ គីឡូម៉ែត្រ ពីព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈកងកម្លាំងជើងគោកអ៊ីស្រាអែល បានដកខ្លួនចេញពីទឹកដីលីបង់។

កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា “ប្រសិនបើក្រុមហេសបូឡា មិនដកខ្លួនចេញពីទន្លេ Litani ទេនោះ នឹងមិនមានកិច្ចព្រមព្រៀងណាមួយឡើយ"។ មេដឹកនាំហេសបូឡា លោក Naim Qassem បាននិយាយកាលពីថ្ងៃសៅរ៍ថា “មានតែហេសបូឡាទេទើបអាចសម្រេចបានថា តើនឹងត្រូវគោរពតាមរយៈពេលកំណត់ ៦០ថ្ងៃនោះ ឬយ៉ាងណា"។
កិច្ចព្រមព្រៀងបទឈប់បាញ់បានចែងថា មុនថ្ងៃទី២៦ ខែមករា ក្រុមប្រដាប់អាវុធតែមួយគត់ដែលមានវត្តមាននៅភាគខាងត្បូងនៃទន្លេ Litani ត្រូវតែជាយោធាលីបង់ និងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិប៉ុណ្ណោះ៕