ការិយាល័យសន្តិសុខជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ការវាយប្រហារតាមអ៊ីនធឺណិតលើទីភ្នាក់ងាររដ្ឋាភិបាលកោះតៃវ៉ាន់ បានកើនឡើងទ្វេដងក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ រហូតដល់មានការវាយប្រហារជាមធ្យម ២,៤ លានដងក្នុងមួយថ្ងៃ ដោយបន្ថែមថាភាគច្រើនមកពីកងកម្លាំងអ៊ីនធឺណិតរបស់ចិន។
កោះតៃវ៉ាន់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានត្អូញត្អែរអំពីអ្វីដែលខ្លួនមើលឃើញថាជា "ការយាយីតំបន់ប្រផេះ" របស់ចិន រាប់ចាប់ពីសមយុទ្ធយោធាប្រចាំថ្ងៃ និងបាឡុងនៅជិតកោះ រហូតដល់ការវាយប្រហារតាមអ៊ីនធឺណិត ស្របពេលដែលទីក្រុងប៉េកាំង បង្កើនសម្ពាធផ្នែកយោធា និងនយោបាយ លើកោះស្វ័យគ្រប់គ្រងនេះឱ្យទទួលយកការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។
បណ្តាញសេវារដ្ឋាភិបាលរបស់កោះតៃវ៉ាន់ ឬហៅថា GSN បានរងការវាយប្រហារជាមធ្យមប្រចាំថ្ងៃចំនួន ២,៤លានដងកាលពីឆ្នាំមុន ដែលកើនឡើងទ្វេដងនៃតួលេខមធ្យមប្រចាំថ្ងៃចំនួន ១,២ លានដងក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យសន្តិសុខជាតិកាលពីថ្ងៃអាទិត្យ ០៥ មករា។
ប្រទេសចិន តែងបដិសេធថាមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមអ៊ីនធឺណិតណាមួយឡើយ ប៉ុន្តែជារឿយៗត្រូវបានចោទប្រកាន់ដោយរដ្ឋាភិបាលបរទេស ជាពិសេសសហរដ្ឋអាមេរិក ដែលកាលពីសប្តាហ៍មុនបាននិយាយថា ក្រុមចោរព័ត៌មានវិទ្យាចិន បានលួចទិន្នន័យឯកសារពីក្រសួងរតនាគារអាមេរិក៕