តុលាការឧទ្ធរណ៍ម៉ាឡេស៊ី នៅថ្ងៃចន្ទ (០៦ មករា) នេះ បានផ្ដល់ការអនុញ្ញាតលើសំណើរបស់អតីតនាយកជាប់ពន្ធនាគារ គឺលោក Najib Razak ក្នុងការស្នើសុំឯកសារ ដែលលោកនិយាយថានឹងអនុញ្ញាតឱ្យលោកអនុវត្តទោសជាប់ពន្ធនាគារដែលនៅសេសសល់ ក្រោមការឃុំខ្លួនក្នុងផ្ទះ។
ជាមួយគ្នានេះ មនុស្សម្នារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ ដើម្បីរង់ចាំការសម្រេចនោះ។ លោក Najib ដែលជាប់ពន្ធនាគារដោយសាររឿងអាស្រូវមូលនិធិ 1MDB រាប់ពាន់លានដុល្លារ បានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចរបស់តុលាការជាន់ទាបកាលពីខែកក្កដា ឆ្នាំមុន ដែលច្រានចោលសំណើរបស់លោកក្នុងការសុំបញ្ជាក់ព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ ដែលលោកនិយាយថានឹងផ្តល់សិទ្ធិឃុំខ្លួនក្នុងផ្ទះ។
អតីតនាយករដ្ឋមន្រ្តីរូបនេះបានបន្តអះអាងថា "ព្រះរាជបញ្ជាបន្ថែម" នោះមកពីអតីតព្រះមហាក្សត្រម៉ាឡេស៊ី អមជាមួយនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាលើកលែងទោស កាលពីខែកុម្ភៈ ឆ្នាំមុន ក្នុងការបន្ថយទោសជាប់ពន្ធនាគារពាក់កណ្តាលរបស់លោក ពីបទប្រព្រឹត្តអំពើពុករលួយក្នុងរឿងអាស្រូវ 1MDB ពីរយៈពេល ១២ឆ្នាំ មកត្រឹម ៦ឆ្នាំ។ គេមិនច្បាស់ទេថា តើឯកសារនោះមានពិតមែន ឬយ៉ាងណាឡើយ៕