ប្រធានាធិបតីទួរគី លោក តាយីប អឺដូហ្កាន់ (Tayyip Erdoga) បាននិយាយកាលពីថ្ងៃអាទិត្យថា មេដឹកនាំថ្មីរបស់ប្រទេសស៊ីរី ប្តេជ្ញាចិត្តកម្ចាត់ក្រុមបំបែកខ្លួន នៅទីនោះ ខណៈដែលទីក្រុងអង់ការ៉ា បានអះអាងថា យោធារបស់ខ្លួនបាន «សម្លាប់» សមាជិក ៣២នាក់នៃគណបក្សពលករឃើដ ឬ PKK ដែល ខុខុសច្បាប់ នៅក្នុងប្រទេសនេះ។
ការបះបោរដោយក្រុមដែលស្និទ្ធនឹងទួរគី បានបណ្តេញប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ (Bashar al-Assad) កាលពីខែមុន។ ចាប់តាំងពីពេលនោះមក កងកម្លាំងស៊ីរីដែលគាំទ្រដោយទួរគី បានប៉ះទង្គិចម្តងម្កាល នៅភាគខាងជើងជាមួយកងកម្លាំងឃើដគាំទ្រដោយសហរដ្ឋអាមេរិក ដែលទីក្រុងអង់ ការ៉ាចាត់ទុកថា ជាក្រុមភេរវករ។
លោក អឺដូហ្កាន់ បានប្រាប់សមាជគណបក្សខេត្តរបស់លោក នៅទីក្រុង Trabzon ថា៖«ជាមួយនឹងបដិវត្តន៍ នៅក្នុងប្រទេសស៊ីរី...ក្តីសង្ឃឹមរបស់អង្គការភេរវករផ្តាច់ខ្លួន ឈានដល់ដំណាក់កាលទាល់ច្រក»។
លោកបានថ្លែងថា៖«រដ្ឋបាលថ្មីនៅក្នុងប្រទេសស៊ីរី កំពុងបង្ហាញពីជំហរប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការរក្សាបូរណភាពទឹកដី និងរចនាសម្ព័ន្ធឯកភាពរបស់ប្រទេសនេះ»។
លោក អឺដូហ្កាន់ បានបន្ថែមថា៖«ទីបញ្ចប់នៃអង្គការភេរវកម្ម ជិតមកដល់ហើយ។ គ្មានជម្រើសអ្វីផ្សេងក្រៅពីការចុះចាញ់អាវុធរបស់ពួកគេ បោះបង់អំពើភេរវកម្ម និងរំលាយអង្គការនោះទេ។ ពួកគេនឹងប្រឈមមុខនឹងកណ្តាប់ដៃដែករបស់ប្រទេសទួរគី»។