អាជ្ញាធរបារាំងកាលពីថ្ងៃអាទិត្យ បានចាប់ខ្លួនជនជាតិអាល់ហ្សេរីបីនាក់ ដែលសង្ស័យថា បានញុះញង់ឲ្យ មានអំពើហិង្សា នៅក្នុងវីដេអូ TikTok ដោយយ៉ាងហោចណាស់ពីរនាក់ក្នុងចំណោមពួកគេ ប្រឈមមុខនឹងការចោទប្រកាន់ទាក់ទងនឹងភេរវកម្ម។
ការចាប់ខ្លួននេះ កើតឡើង ចំពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងរវាងទីក្រុងប៉ារីស និងអតីតអាណានិគមអាហ្វ្រិកខាងជើងរបស់ខ្លួន។
អ្នកសរសេរប្លុកវីដេអូម្នាក់ ដែលគេស្គាល់ថា «Imad Tintin» ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ នៅខាងក្រៅទីក្រុង Grenoble បន្ទាប់ពីបានផ្សព្វផ្សាយវីដេអូជំរុញឲ្យអ្នកគាំទ្រ«ដុតទាំងរស់ សម្លាប់ និងចាប់រំលោភលើទឹកដីបារាំង»។
របង្ហោះនេះ ត្រូវបានដកចេញ បន្ទាប់ពីទទួលបានអ្នកចូលមើលចំនួន ៨០០.000នាក់ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃស្តាំនិយមដ៏រឹងរូស លោក Bruno Retailleau បានចេញផ្សាយវីដេអូឃ្លីប នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក ដោយថ្កោលទោសការចេញផ្សាយនេះថា «គួរឲ្យស្អប់ខ្ពើម»។
រដ្ឋអាជ្ញាទីក្រុង Grenoble បាននិយាយថា កាលពីថ្ងៃអាទិត្យ ចៅក្រមបានដាក់អ្នកសរសេរប្លុកអាយុ ៣១ ឆ្នាំរូបនេះ ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
សេវាអយ្យការរដ្ឋ បាននិយាយថា គាត់នឹងត្រូវបង្ហាញខ្លួន នៅថ្ងៃចន្ទនេះ នៅក្នុងការកាត់ក្តីមួយយ៉ាងឆាប់រហ័ស ជុំវិញការចោទប្រកាន់ពីបទ«ញុះញង់ដោយផ្ទាល់នៃអំពើភេរវកម្ម»។