កងកម្លាំងបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) កាលពីថ្ងៃសៅរ៍ បានចោទប្រកាន់កងទ័ពអ៊ីស្រាអែល ពីចេតនាបំផ្លាញទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន នៅភាគខាងត្បូងប្រទេសលីបង់ ដែលនាំឲ្យមានការកើនឡើងយ៉ាងធ្ងន់ធ្ងរនូវភាពតានតឹងនៅតាមព្រំដែន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ អង្គការ UNIFIL បាននិយាយថា៖«ព្រឹកនេះ កងរក្សាសន្តិភាព បានឃើញយន្តហោះចម្បាំងរបស់កងទ័ពអ៊ីស្រាអែលបានបំផ្លាញធុងពណ៌ខៀវ ដែលសម្គាល់ខ្សែបន្ទាត់ដកទ័ពរវាងប្រទេសលីបង់ និងអ៊ីស្រាអែល នៅតំបន់ភ្នំ Al-Labbouneh ក៏ដូចជាប៉មយាម ដែលជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធលីបង់ ដែលនៅជាប់ជាមួយទីតាំងរបស់ UNIFIL ក្នុងតំបន់នោះ»។
ធុងពណ៌ខៀវ ដែលជាសញ្ញាសម្គាល់សម្រាប់ខ្សែបន្ទាត់ដកកងទ័ពចេញ សំដៅជាទូទៅថា ជាខែ្សបន្ទាត់ពណ៌ខៀវ (Blue Line) កំណត់ព្រំដែន ដែលបានបង្កើតឡើង បន្ទាប់ពីការដកទ័ពរបស់អ៊ីស្រាអែលពីភាគខាងត្បូងលីបង់ ក្នុងឆ្នាំ ២០០០។
UNIFIL បានថ្កោលទោសសកម្មភាពដោយពណ៌នាថា ជា «ការបំផ្លិចបំផ្លាញដោយចេតនា និងដោយផ្ទាល់» នៃទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដែលអាចកំណត់អត្តសញ្ញាណយ៉ាងច្បាស់ថា ជាកម្មសិទ្ធិរបស់កងកម្លាំងប្រដាប់អាវុធលីបង់។ សេចក្តីថ្លែងការណ៍ បានចាត់ទុកឧបទ្ទវហេតុនេះថា ជាការរំលោភបំពានយ៉ាងច្បាស់លើសេចក្តីសម្រេចលេខ ១៧០១របស់ក្រុមប្រឹក្សាសន្តិសុខ និងច្បាប់អន្តរជាតិ។