ក្រុមឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌា បានទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានហ្មត់ចត់មួយ បន្ទាប់ពីសាកសពរបស់អ្នកសារព័ត៌មានម្នាក់ ត្រូវបានគេរកឃើញនៅក្នុងធុងទឹកស្អុយ ដែលត្រូវបានកប់នៅក្រោមបេតុង។
អ្នកកាសែតឯករាជ្យលោក Mukesh Chandrakar អាយុ ២៨ឆ្នាំ បានរាយការណ៍យ៉ាងទូលំទូលាយអំពីអំពើពុករលួយ និងការបះបោរម៉ៅនិយម ដែលមានអាយុកាលរាប់ទសវត្សរ៍ នៅក្នុងរដ្ឋ Chhattisgarh ភាគ កណ្តាលនៃប្រទេសឥណ្ឌា ហើយបានដំណើរការបណ្តាញ YouTube ដ៏ពេញនិយមមានឈ្មោះថា «Bastar Junction»។
ក្រុមប្រឹក្សាសារព័ត៌មាននៃប្រទេសឥណ្ឌា បានសម្តែង «ការព្រួយបារម្ភ» លើការសង្ស័យថា ជាឃាតកម្មលើរូបលោក Chandrakar ដោយអំពាវនាវឲ្យមានរបាយការណ៍ស្តីពី «ការពិតនៃករណីនេះ» នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃសៅរ៍។
សាកសពរបស់ Chandrakar ត្រូវបានរកឃើញ កាលពីថ្ងៃទី ០៣ ខែមករា បន្ទាប់ពីនគរបាល បានតាមដានកំណត់ត្រាទូរស័ព្ទដៃរបស់គាត់ បន្ទាប់ពីក្រុមគ្រួសាររបស់គាត់ រាយការណ៍ថា គាត់បានបាត់ខ្លួន។
មនុស្សបីនាក់ ត្រូវបានចាប់ខ្លួន។
មនុស្សជាង ១០.000នាក់ បានស្លាប់នៅក្នុងការបះបោរអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលធ្វើឡើងដោយក្រុមឧទ្ទាម Naxalite ដែលនិយាយថា ពួកគេកំពុងប្រយុទ្ធ ដើម្បីសិទ្ធិជនជាតិដើមភាគតិច ដែលនៅឆ្ងាយពីតំបន់ភាគកណ្តាលដែលសម្បូរធនធានរបស់ប្រទេសឥណ្ឌា។