មន្ត្រីម្នាក់បាននិយាយនៅថ្ងៃចន្ទ (០៦ មករា) នេះថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ បានចូលចតនៅឆ្នេរសមុទ្រកាលពីចុងសប្តាហ៍នៅក្នុងខេត្ត Aceh របស់ឥណ្ឌូនេស៊ី ស្របពេលកំណើននៃការមកដល់តាមផ្លូវសមុទ្រនៃចំនួនប្រជាជនគ្មានរដ្ឋនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ ខណៈម៉ាឡេស៊ី ទើបតែបណ្ដេញទូកពីរគ្រឿង ដែលសង្ស័យថាដឹកជនជាតិរ៉ូហ៊ីងយ៉ា ប្រមាណ ៣០០នាក់ កាលពីថ្ងៃសៅរ៍។
ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ដែលមានដើមកំណើតមកពីមីយ៉ាន់ម៉ា និងជាប្រជាជនគ្មានរដ្ឋច្រើនជាងគេលើពិភពលោក ជារឿយៗរត់គេចពីស្ថានភាពក្រីក្រនៅក្នុងជំរំជនភៀសខ្លួនតាមទូកទៅកាន់ប្រទេសថៃ ឬប្រទេសមានជនជាតិមូស្លីមភាគច្រើនដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នៅចន្លោះខែតុលា និងមេសា ជាពេលទឹកសមុទ្រមានសភាពស្ងប់ស្ងាត់។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត ១លាននាក់ រស់នៅក្នុងជំរំបង់ក្លាដែស ជាអ្វីដែលឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR លោក Filippo Grandi បានហៅថាជា "ជំរំជនភៀសខ្លួនមនុស្សធម៌ដ៏ធំបំផុតនៅលើពិភពលោក"។
នៅមីយ៉ាន់ម៉ា ដែលភាគច្រើនកាន់ពុទ្ធសាសនា ជនជាតិរ៉ូហ៊ីងយ៉ាត្រូវបានចាត់ទុកថាជាអ្នកជ្រៀតជ្រែកបរទេសមកពីអាស៊ីខាងត្បូង ហើយត្រូវបដិសេធមិនទទួលបានសញ្ជាតិ និងរងការរំលោភបំពាន។ ទិន្នន័យរបស់ UNHCR បង្ហាញថា ជនជាតិរ៉ូហ៊ីងយ៉ាជាង ២.០០០ នាក់បានទៅដល់ឥណ្ឌូនេស៊ី ក្នុងឆ្នាំ២០២៣ ច្រើនជាងចំនួនសរុបនៃការមកដល់ក្នុងរយៈពេល ៤ឆ្នាំមុននោះ៕