រដ្ឋបាលលោក Joe Biden នៅថ្ងៃចន្ទ (ទី៦ ខែមករា) គ្រោងនឹងប្រកាសថា ខ្លួនកំពុងបន្ធូរបន្ថយការរឹតបន្តឹងផ្នែកជំនួយមនុស្សធម៌ សម្រាប់ប្រទេសស៊ីរី ដែលជាវិធានការមួយ ដើម្បីពន្លឿនការផ្គត់ផ្គង់មូលដ្ឋានដោយមិនមានការដកទណ្ឌកម្មដែលរារាំងការផ្ដល់ជំនួយផ្សេងទៀតដល់រដ្ឋាភិបាលថ្មី នៅទីក្រុងដាម៉ាស។
ការសម្រេចនេះបញ្ជាក់ពីការប្រុងប្រយ័ត្នរបស់សេតវិមាន អំពីការដកទណ្ឌកម្មយ៉ាងទូលំទូលាយលើស៊ីរី រហូតដល់ទិសដៅដាក់ដោយមេដឹកនាំថ្មីរបស់ប្រទេសនេះ ដឹកនាំដោយក្រុមដែលសហរដ្ឋអាមេរិកកំណត់ថា ជាអង្គការភេរវកម្ម មានភាពកាន់តែច្បាស់ឡើងៗ។
ក្រុមមន្ត្រីបានប្រាប់ឲ្យដឹងថា វិធានការធ្វើឡើងដោយមានកម្រិតដែលត្រូវបានអនុម័តដោយរដ្ឋបាល កាលពីចុងសប្តាហ៍កន្លងមក អនុញ្ញាតឲ្យក្រសួងរតនាគារចេញការលើកលែងដល់ក្រុមជំនួយ និងក្រុមហ៊ុនដែលផ្តល់សេវាកម្មសំខាន់ៗ ដូចជាទឹក អគ្គិសនី និងការផ្គត់ផ្គង់មនុស្សធម៌ផ្សេងទៀត។
មន្ត្រីបានបន្ថែមថា ដោយមានប្រសិទ្ធភាព សម្រាប់រយៈពេល ៦ខែដំបូង ការលើកលែងនេះ នឹងមិនចាំបាច់ឲ្យអ្នកផ្គត់ផ្គង់ជំនួយស្វែងរកការអនុញ្ញាត តាមករណីនីមួយៗទៀតឡើយ ប៉ុន្តែវាត្រូវភ្ជាប់មកជាមួយលក្ខខណ្ឌ ដើម្បីធានាថា ស៊ីរីមិនបានប្រើប្រាស់ការផ្គត់ផ្គង់ទាំងនោះខុសគោលដៅ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានលុបចោលរួចហើយក្នុងការផ្ដល់ប្រាក់រង្វាន់ ១០លានដុល្លារ ដើម្បីចាប់ខ្លួនលោក Abu Mohammed al-Jawlani មេដឹកនាំរបស់ក្រុមឥស្លាមនិយមនិកាយស៊ុននី គឺក្រុម Hayat Tahrir al-Sham ឬ HTS ដែលបានចាប់ផ្តើមចេញពន្លកពីក្រុមអាល់កៃដា និងបានដឹកនាំការវាយលុក រហូតដល់ផ្តួលរំលំរបបរបស់លោក Bashar al-Assad។
សហរដ្ឋអាមេរិកកំពុងពន្យារការសម្រេចចិត្តលើកលែងទណ្ឌកម្មដែលបានដាក់ ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរយៈពេល ១៣ឆ្នាំរបស់ស៊ីរី ដោយស្វែងរកការធានាថា ក្រុងដាម៉ាស នឹងមិនបំភ្លេចការសន្យាការពារសិទ្ធិស្ត្រី ហើយនិងអ្នកកាន់សាសនាភាគតិច និងជនជាតិភាគតិចជាច្រើនរបស់ប្រទេសនេះ៕