អ្នកឃ្លាំមើលសង្គ្រាម បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកប្រយុទ្ធជាង ១០០នាក់ ត្រូវបានសម្លាប់ក្នុង រយៈពេលពីរថ្ងៃចុងក្រោយនេះ នៅភាគខាងជើងប្រទេសស៊ីរី ក្នុងការប្រយុទ្ធគ្នារវាងក្រុមដែលគាំទ្រដោយទួរគី និងកងកម្លាំងឃើដស៊ីរី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយថា ចាប់តាំងពីល្ងាចថ្ងៃសុក្រ ការប៉ះទង្គិចគ្នា នៅក្នុងភូមិជាច្រើនជុំវិញទីក្រុង Manbij បានសម្លាប់មនុស្សចំនួន ១០១នាក់ រួមទាំងសមាជិក ៨៥នាក់នៃក្រុមគាំទ្រទួរគី និង ១៦នាក់មកពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគ្រប់គ្រងដោយឃើដ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ SDF បានអះអាងថា ខ្លួនបានវាយបកទៅលើការវាយប្រហារទាំងអស់ពីទាហានស៊ីឈ្នួលរបស់ប្រទេសទួរគី ដែលគាំទ្រដោយយានដ្រូន និងអាកាសចរណ៍ទួរគី។
ក្រុមដែលគាំទ្រដោយទួរគីនៅភាគខាងជើងប្រទេសស៊ីរី បានបន្តការប្រយុទ្ធរបស់ពួកគេ ជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ស្របពេលដែលក្រុមឧទ្ទាមដឹកនាំដោយឥស្លាម បានបើកការវាយលុកកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ដែលបានផ្តួលរំលំប្រធានាធិបតីស៊ីរី បាសា អាល់អាសាដ ( Bashar al-Assad) ត្រឹមតែ ១១ថ្ងៃក្រោយមក។
ពួកគេបានទទួលជោគជ័យក្នុងការដណ្តើមកាន់កាប់ទីក្រុង Manbij និង Tal Rifaat នៅភាគខាងជើងខេត្ត Aleppo ពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF)។