ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យ (ទី៥ ខែមករា) បានឆ្ពោះទៅរកកិច្ចចរចាបង្កើតរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សសេរីភាព (FPO) ដែលជាក្រុមប្រកាន់ស្ដាំនិយមជ្រុល បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតរដ្ឋាភិបាលរបស់ក្រុមនិយមកណ្តាលដោយគ្មានគណបក្ស FPO បានដួលរលំ ហើយបានជំរុញឲ្យអធិការបតី លោក Karl Nehammer លាលែងពីតំណែង។
លោក Nehammer ដែលបានប្រកាសថា លោកនឹងលាលែងពីតំណែង កាលពីល្ងាចថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បានដឹកនាំកិច្ចចរចា ៣ភាគី និងបន្ទាប់មកសល់ត្រឹម ២ភាគី ក្នុងគោលបំណងបង្កើតរដ្ឋាភិបាលជម្រុះក្រុមកណ្តាលនិយម។ ការបង្កើតនេះអាចបម្រើជារបាំងការពារប្រឆាំងនឹងក្រុមរិះគន់សហភាពអឺរ៉ុប គឺគណបក្សលម្អៀងទៅរុស្ស៊ី FPO ដែលទទួលបានជ័យជម្នះលំដាប់ទី១ នៅក្នុងការបោះឆ្នោតសភា កាលពីខែកញ្ញា ដោយមានសំឡេងឆ្នោតគាំទ្រប្រហែល ២៩ភាគរយ។
គណបក្សប្រជាជន (OVP) ដែលជាក្រុមអភិរក្សនិយមរបស់លោក Nehammer បានតែងតាំងអគ្គលេខាធិការ លោក Christian Stocker កាលពីថ្ងៃអាទិត្យជាមេដឹកនាំថ្មីរបស់បក្សជាបណ្ដោះអាសន្ន។ លោក Stocker បាននិយាយម្តងហើយម្តងទៀតនូវជំហររបស់លោក Nehammer ដែលគណបក្ស OVP នឹងមិនចូលរួមដឹកនាំប្រទេសជាមួយប្រធានបក្ស FPO លោក Herbert Kickl នោះទេ ប៉ុន្តែបាននិយាយកាលពីថ្ងៃអាទិត្យថា អ្វីៗបានផ្លាស់ប្តូរហើយឥឡូវនេះ។
លោក Stocker បានប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំរំពឹងថា មេដឹកនាំគណបក្សដែលទទួលបានសំឡេងច្រើនជាងគេ នឹងទទួលភារកិច្ចបង្កើតរដ្ឋាភិបាលបន្ទាប់។ ប្រសិនបើយើងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សាទាំងនេះ យើងនឹងទទួលយកការអញ្ជើញនេះ»។
គួរបញ្ជាក់ថា OVP គឺជាគណបក្សសភាតែមួយគត់ ដែលមិនបានច្រានចោលការបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស FPO ទាំងស្រុង ហើយការរួមគ្នារបស់គណបក្សទាំង២ នឹងមានសំឡេងភាគច្រើន នៅក្នុងសភា៕