ប្រធានាធិបតីអាមេរិក លោក Joe Biden បានទទូចឲ្យជនជាតិអាមេរិក តាមរយៈអត្ថបទខ្លី ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃអាទិត្យ (ទី៥ ខែមករា) ថា សូមកុំភ្លេចអំពើហិង្សាថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមាន Capitol របស់សហរដ្ឋអាមេរិក ដោយសរសេរថា ប្រទេសនេះមានកាតព្វកិច្ចរួមគ្នា ក្នុងការចងចាំព្រឹត្តិការណ៍ថ្ងៃនោះ។
អត្ថបទដែលត្រូវបានចុះផ្សាយលើសារព័ត៌មាន The Washington Post កើតឡើងមួយថ្ងៃមុនពេលសភាអាមេរិក នឹងជួបប្រជុំគ្នា ដើម្បីបញ្ជាក់ជាផ្លូវការនូវការបោះឆ្នោតរបស់គណបក្សសាធារណរដ្ឋ ដែលលោក Donald Trump ជាប្រធានាធិបតី និងកើតឡើងជិត ៤ឆ្នាំ បន្ទាប់ពីហ្វូងអ្នកគាំទ្ររបស់លោកប្រធានាថិបតីជាប់ឆ្នោត បានសម្រុកចូលវិមាន Capitol ជាកិច្ចប្រឹងប្រែងមិនជោគជ័យ ក្នុងការរារាំងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ដែលលោកបរាជ័យ។
លោក Biden បានសរសេរថា៖ «យើងត្រូវតែចងចាំនូវពាក្យសុភាសិតមួយ ដែលថា ប្រជាជាតិណាមួយដែលបំភ្លេចអតីតកាលរបស់ខ្លួន នឹងត្រូវវិនាស ដោយសារបណ្ដោយឲ្យហេតុការណ៍នោះកើតឡើងម្ដងទៀត។ យើងមិនអាចទទួលយកបាននោះទេនូវការកើតឡើងវិញនៃអ្វីដែលបានកើតឡើងកាលពី ៤ឆ្នាំមុន»។
ជាមួយគ្នានេះ លោកបានបន្ថែមថា ដំណើរការបញ្ជាក់ការបោះឆ្នោត នាពេលនេះ នឹងប្រព្រឹត្តទៅដោយសន្តិភាព៕