ប្រធានក្រុមហ៊ុន Nippon Steel របស់ជប៉ុន លោក Tadashi Imai បាននិយាយថា ការដាក់ពាក្យប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជាជម្រើសមួយក្នុងចំណោម «ជម្រើសសំខាន់ផ្សេងៗទៀត»។ នេះបើយោងតាមទូរទស្សន៍ Nippon Television ដែលបានរាយការណ៍ នៅថ្ងៃចន្ទ (ទី៦ ខែមករា) នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានរារាំងសំណើទិញក្រុមហ៊ុនដែកថែប US Steel។
បើយោងតាមសេចក្ដីរាយការណ៍នោះ បានឲ្យដឹងថា លោក Imai បានប្រាប់អ្នកសារព័ត៌មានថា ដំណើរការត្រួតពិនិត្យរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងការសម្រេច ចំពោះសំណើសុំទិញរបស់ក្រុម ហាក់ដូចជាមិនត្រូវបានដោះស្រាយយ៉ាងសមរម្យនោះឡើយ ដោយលោកបានបន្ថែមថា ក្រុមហ៊ុន Nippon Steel មានសិទ្ធិទទួលបានការត្រួតពិនិត្យដ៏ត្រឹមត្រូវមួយ។
គួរបញ្ជាក់ថា លោក Biden បានលើកឡើងពីកង្វល់សន្តិសុខជាតិ ចំពោះការបដិសេធការដេញថ្លៃទិញតម្លៃ ១៤,៩ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី៣ ខែមករា បន្ទាប់ពីមានការត្រួតពិនិត្យ ១ឆ្នាំ។
សេចក្ដីរាយការណ៍ បានឲ្យដឹងបន្ថែមថា លោក Imai បាននិយាយថា វានឹងមិនចំណាយពេលយូរ ដើម្បីឲ្យក្រុមហ៊ុនប្រកាសពីវិធានការជំទាស់នឹងការសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនោះឡើយ៕