រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប៊្លីនខិន ( Antony Blinken) កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២០០លានដុល្លារ សម្រាប់ប្រទេសស៊ូដង់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កញ្ចប់ជំនួយនេះ នឹងរួមបញ្ចូលអាហារ ទីជម្រក និងការថែទាំសុខភាព ដើម្បីឆ្លើយតបទៅនឹងជម្លោះ ដែលកំពុងបន្ត ដែលបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ និងវិបត្តិការផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។
ក្នុងអំឡុងកិច្ចប្រជុំនោះ លោក ប៊្លីនខិន បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ជំនួយ ដែលត្រូវបញ្ជូនដោយសុវត្ថិភាព និងឆាប់រហ័ស ដល់អ្នកដែលកំពុងត្រូវការ។
លោកក៏បានសន្យាថា នឹងប្រើប្រាស់ឧបករណ៍ដែលមានទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មផងដែរ ដើម្បីការពារការរំលោភបំពាន នៅក្នុងប្រទេសស៊ូដង់ និងចាប់ជនល្មើសឲ្យទទួលខុសត្រូវ ដោយជំរុញឲ្យអ្នកផ្សេងទៀត អនុម័តវិធានការស្រដៀងគ្នានេះ។
អង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនស៊ូដង់ជិត ២៥លាននាក់ ត្រូវការជំនួយ ដោយមានទុរ្ភិក្សប៉ះពាល់ដល់ជំរំភៀសខ្លួន។
ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម ក្នុងខែមេសា ឆ្នាំ ២០២៣ ចំពេលមានការតស៊ូអំណាចរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) មនុស្ស ១១លាននាក់ ត្រូវបានផ្លាស់ទីលំនៅ រួមទាំង ៣លាននាក់ ដែលបានភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀត។
