រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃចន្ទ (ទី៦ ខែមករា) បាននិយាយថា ជំហររបស់អ៊ុយក្រែន នៅតំបន់ Kursk របស់រុស្ស៊ី គឺមានសារៈសំខាន់ ចំពោះការចរចា នាពេលខាងមុខ ខណៈដែលទីក្រុងមូស្គូ បាននិយាយថា ទីក្រុងគីវ បានបើកការវាយប្រហារតបវិញ នៅតំបន់ព្រំដែននេះ។
លោក Blinken បានប្រាប់ថា រដ្ឋបាលជិតផុតអាណត្តិរបស់ប្រធានាធិបតី លោក Joe Biden ដែលបានផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់ទីក្រុងគីវ គិតចាប់តាំងពីការលុកលុយរបស់រុស្ស៊ី នៅខែកុម្ភៈ ឆ្នាំ២០២២ ចង់ធានាថា «អ៊ុយក្រែនមានសន្លឹកបៀដ៏ល្អបំផុត នៅក្នុងដៃ»។

នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា៖ «ការឈរជើងរបស់ពួកគេ នៅតំបន់ Kursk មានសារៈសំខាន់ ពីព្រោះវាពិតជាអ្វីដែលជាកត្តានាំឲ្យមានការចរចាណាមួយដែលនឹងកើតឡើង ក្នុងឆ្នាំខាងមុខនេះ»។
ក្រុមមន្ត្រីអាមេរិក បានលើកឡើងថា ពួកគេមិនរំពឹងថា នឹងមានការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងសមរភូមិភាគខាងកើតអ៊ុយក្រែននោះទេ ដែលមេដឹកនាំរបស់ប្រទេសនេះ នៅឆ្នាំ២០២៤ ជំនួសឲ្យការការពារ បានសម្រេចឲ្យបើកការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលចូលទៅក្នុងតំបន់ Kursk។
ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump បានពណ៌នាជំនួយរបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែនថា ជារឿងខ្ជះខ្ជាយ ហើយបាននិយាយអួតពីការបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ដោយជំនួយការរបស់លោកបានស្នើឲ្យប្រើប្រាស់ជំនួយរបស់សហរដ្ឋអាមេរិក ដើម្បីបង្ខំឲ្យប្រទេសនេះព្រមសម្បទានដែនដីដល់រុស្ស៊ី៕
តែលោក Blinken បាននិយាយថា ទោះបីជាការចរចាកើតឡើងក៏ដោយ ក៏អ៊ុយក្រែននៅតែត្រូវការ «ការធានាសន្តិសុខគ្រប់គ្រាន់» ទល់នឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរ៕
