រុស្ស៊ី នៅថ្ងៃចន្ទ (ទី៦ ខែមករា) នេះ បានឲ្យដឹងថា ខ្លួនសម្រេចបាននូវការរុលទៅមុខដ៏សំខាន់មួយ នៅភាគខាងកើតអ៊ុយក្រែន ប៉ុន្តែអ្នកសរសេរប្លុកពីសង្គ្រាមរុស្ស៊ី បាននិយាយថា កងកម្លាំងរបស់ទីក្រុងមូស្គូ កំពុងបន្តទប់ទល់នឹងការវាយប្រហារដ៏ធំរបស់អ៊ុយក្រែន នៅភាគខាងលិចប្រទេសរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានប្រាប់ថា កងកម្លាំងរបស់ខ្លួន បានដណ្តើមកាន់កាប់ទីក្រុង Kurakhove ដែលស្ថិតនៅចម្ងាយ ៣២គីឡូម៉ែត្រ នៅភាគខាងត្បូងទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន ដែលរុស្ស៊ីបានវាយរុលទៅមុខជាលំដាប់ជាច្រើនខែ។

ក្រសួងបានបន្ថែមថា ការដណ្ដើមបានទីក្រុង Kurakhove ដែលបានប្រយុទ្ធតស៊ូអស់រយៈពេលជាច្រើនសប្តាហ៍ នឹងអាចឲ្យកងកម្លាំងរបស់ទីក្រុងម៉ូស្គូ បង្កើនល្បឿននៃការរុលទៅមុខរបស់ពួកគេ នៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។
ក្រុមឃ្លាំមើលអ៊ុយក្រែន DeepState ដែលតាមដានសមរភូមិជួរមុខ ដោយប្រើប្រភពបើកចំហ បានបង្ហាញថា ភាគច្រើននៃផ្នែករបស់ទីក្រុង Kurakhove ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។
ហើយក្រុមកងកម្លាំង Khortytsia របស់អ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានបន្តវាយលុកទីក្រុង Kurakhove ប៉ុន្តែភាគីអ៊ុយក្រែន កំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងវាយរុញក្រុមប្រយុទ្ធរបស់រុស្ស៊ី នៅផ្នែកសមរភូមិមុខនោះ។
ចំណែកក្រុមអ្នកសរសេរប្លុកពីសង្គ្រាមរុស្ស៊ី បានលើកឡើងថា អ៊ុយក្រែនកំពុងវាយលុក ក្នុងតំបន់ Kursk របស់រុស្ស៊ី នៅថ្ងៃទី៦ ខែមករានេះ ដោយអ្នកសរសេរម្នាក់បានរៀបរាប់ពីស្ថានភាពគួរឲ្យព្រួយបារម្ភ នៅតំបន់នោះ។
គួរបញ្ជាក់ថា អ៊ុយក្រែនបានចាប់ផ្តើមការវាយលុកថ្មីមួយ កាលពីថ្ងៃទី៥ ខែមករា នៅតំបន់ Kursk ជាកន្លែងដែលកងកម្លាំងរបស់ប្រទេសនេះ បានវាយលុកឆ្លងកាត់ព្រំដែន កាលពីថ្ងៃទី៦ ខែសីហា ហើយអស់រយៈពេល ៥ខែកន្លងមកនេះ បានទប់ទល់នឹងការប៉ុនប៉ងវាយរុញច្រានរបស់កងកម្លាំងរុស្ស៊ី៕

