ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan នៅថ្ងៃចន្ទ (ទី៦ ខែមករា) នេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងបញ្ចប់ជំហាន ដើម្បីលុបបំបាត់ឧបសគ្គនានា សម្រាប់ភាពជាដៃគូនុយក្លេអ៊ែរស៊ីវិលជាមួយក្រុមហ៊ុនឥណ្ឌា ដោយស្វែងរកការផ្តល់សន្ទុះថ្មីដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ រវាងប្រទេសទាំង២។
គួររំលឹកថា ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០ ទីក្រុងវ៉ាស៊ីនតោន និងញូវដេលី បានពិភាក្សាគ្នា អំពីការផ្គត់ផ្គង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដល់ប្រទេសឥណ្ឌា ដែលចង់បានថាមពលយ៉ាងខ្លាំង ។
ប៉ុន្តែឧបសគ្គដែលមានជាយូរមកហើយនោះ គឺតម្រូវការឲ្យមានច្បាប់ទទួលខុសត្រូវរបស់ឥណ្ឌា ស្របតាមបទដ្ឋានសកល ដែលតម្រូវឲ្យការចំណាយលើឧបទ្ទវហេតុណាមួយ ត្រូវបានបញ្ជូនដោយផ្ទាល់ទៅកាន់ប្រតិបត្តិករ ជាជាងក្រុមហ៊ុនសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតី លោក George W. Bush ក្នុងឆ្នាំ២០០៧ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអនុញ្ញាតឲ្យសហរដ្ឋអាមេរិកលក់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលទៅឲ្យប្រទេសឥណ្ឌា។
នៅឯទីក្រុងញូវដេលី នាថ្ងៃចន្ទនេះ លោក Sullivan បាននិយាយថា៖ «ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងបញ្ចប់ជំហានចាំបាច់នានា ដើម្បីដកចេញនូវបទប្បញ្ញត្តិដែលមានជាយូរមកហើយ ពោលគឺជាអ្វីដែលបានរារាំងដល់កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល រវាងអង្គភាពនុយក្លេអ៊ែរឈានមុខគេរបស់ឥណ្ឌា និងក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក»។
លោក Sullivan កំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃទៅកាន់រដ្ឋធានីឥណ្ឌា ប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ឡើងកាន់តំណែង៕