ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានបញ្ជាក់នៅថ្ងៃអង្គារ (០៧ មករា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានត្រួតពិនិត្យការសាកល្បងយ៉ាងជោគជ័យនៃមីស៊ីលបាលីស្ទិកល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យមថ្មី (IRBM) កាលពីថ្ងៃចន្ទ ដោយប្ដេជ្ញាថានឹងពន្លឿនសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេស។

នេះជាការបាញ់មីស៊ីលលើកដំបូងហើយរបស់កូរ៉េខាងជើង ចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកា មក ហើយស្របពេលជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទៅកូរ៉េខាងត្បូង ជាទីដែលលោកបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគី រួមជាមួយជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាដែលកំពុងកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។

KCNA និយាយថា សមាសធាតុកាបូនសរសៃថ្មីត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីនមីស៊ីល ហើយអាច "ទម្លុះចូលយ៉ាងមានប្រសិទ្ធភាពក្នុងរបាំងការពារដ៏ក្រាស់ណាមួយ និងវាយប្រហារផ្នែកយោធាយ៉ាងធ្ងន់ធ្ងរទៅលើគូប្រជែង"។ លោក Kim បានលើកសរសើរមីស៊ីលនេះថាជាអាវុធដ៏មានឥទ្ធិពល ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខដែលបង្កឡើងដោយកងកម្លាំងអរិភាព និងការប្រែប្រួលនៃបរិយាកាសសន្តិសុខក្នុងតំបន់។
ការបាញ់សាកល្បងនេះបានកើតឡើងតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ មុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់អាមេរិក លោក Donald Trump ត្រលប់មកកាន់តំណែងវិញ។ គួររម្លឹកថា លោក Trump ធ្លាប់ធ្វើកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនជាមួយលោក Kim ក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួន ហើយក៏បានលើកសរសរសើរពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់ភាគីទាំងពីរផងដែរ៕