ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសកូរ៉េខាងត្បូង បានស្វែងរកការបន្ថែមពេលដីកាចាប់ខ្លួនប្រធានាធិបតី លោក Yoon Suk Yeol ដែលត្រូវបានដាក់ការចោទប្រកាន់ទម្លាក់ពីតំណែង ខណៈរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken បញ្ជាក់ឡើងវិញនូវទំនុកចិត្តក្នុងការដោះស្រាយភាពវឹកវរផ្នែកនយោបាយរបស់សម្ព័ន្ធមិត្តនៅអាស៊ីដ៏សំខាន់មួយនេះ។

ក្រុមអ្នកស៊ើបអង្កេត ដែលកំពុងស៊ើបអង្កេតលើ លោក Yoon ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូរបស់លោក ពុំបានបំពេញតាមដីកាចាប់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុននោះទេ ដោយត្រូវបានរារាំងដោយកងឆ្មាំសេវាសន្តិសុខប្រធានាធិបតី ដែលបានការពារមិនឲ្យចូលទៅដល់លោក Yoon ។

ដីកាចាប់ខ្លួន ជាលើកទីមួយសម្រាប់ប្រធានាធិបតី ត្រូវបានផុតកំណត់កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ម៉ោងក្នុងស្រុក។ អាជ្ញាធរស៊ើបអង្កេត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃចន្ទថា ពួកគេបានស្នើសុំការការបន្ថែមពេលដីកានៅក្នុងតុលាការ ប៉ុន្តែត្រូវបានបដិសេធមិនប្រាប់ថាតើការបន្ថែមពេលមានរយៈពេលប៉ុន្មាន នោះទេ។
សកម្មភាពរបស់ លោក Yoon បានធ្វើឲ្យមានការស្តីបន្ទោសដ៏កម្រ ពីសំណាក់មន្ត្រីក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រួមទាំងអនុរដ្ឋមន្ត្រីរបស់ លោក Blinken គឺលោក Kurt Campbell ដែលបាននិយាយថា វាជាកំហុសយ៉ាងធ្ងន់ធ្ងរ។
ថ្លែងបន្ទាប់ពីជំនួបរបស់លោក ជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul លោក Blinken បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះទីក្រុងសេអ៊ូល ជុំវិញចំណាត់ការមួយចំនួនដែលលោក Yoon បានដាក់ក្នុងពេលនៃការប្រកាសច្បាប់អាជ្ញាសឹករបស់លោក។